ព័ត៌មានជាតិ

TYDA ចុះហត្ថលេខា លើអនុស្សារណៈ យោគយល់ ជាមួយក្រុមហ៊ុនជីប ម៉ុង

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោកបណ្ឌិត សូមអបអរសាទរ ចំពោះការរីកចម្រើន របស់ក្រុមហ៊ុន ជីប ម៉ុង ប្រកបដោយមោទនភាពនៅក្នុងការជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួម ផ្តល់លទ្ធភាពជួយ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) តាមរយៈការចុះហត្ថលេខាលើ អនុស្សារណៈ យោគយល់ផ្ដល់ថវិកា ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយប្រជាពលរដ្ឋ។

លោក លើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប៉ុន្តែក្រុមហ៊ុនបានជួយឧបត្ថម្ភ ដល់សមាគមសិស្សនិស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតនប៊ុន រ៉ានី ហ៊ុន សែន ជួយដល់វិស័យការពារជាតិ និងជួយដល់វិស័យផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើរួមគ្នា ហើយទទួលបានជោគជ័យរួមគ្នាប្រកបដោយមោទនភាព។

លោក បន្ថែមថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ បុណ្យដែលយើងធ្វើជាមួយគ្នានេះ គឺបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។ សង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង នឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បន្ទាប់ជួយផ្ដល់លទ្ធភាពដល់សមាគមTYDA ដើម្បីជួយប្រជាពលរដ្ឋខ្មែរ។

លោក បន្តថា ចក្ខុវិស័យចង់ឃើញក្រុមហ៊ុន នៅក្នុងស្រុកមានការរីកចម្រើន ហើយមានការប្រកួតប្រជែងពង្រីកខ្លួន ទៅក្រៅប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលនេះគឺជាមោទនភាពរបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា។

To Top