ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹងបំពេញទស្សនកិច្ច នៅកម្ពុជា-ឡាវ រយៈពេល១សប្ដាហ៍

ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើដំណើរមកប្រទេសកម្ពុជានិងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

ដំណើរទស្សនកិច្ច នេះ នឹងផ្តោតលើការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់ នេះ ដោយពង្រឹងបន្ថែម នូវមជ្ឈភាពអាស៊ានភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

បើតាមសេចក្ដីព័ត៌មាន របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្នុងដំណើរទស្សនៈកិច្ច នៅប្រទេសកម្ពុជា លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងជួបជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់យើង និងការគាំទ្ររបស់អាមេរិក សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន ។

ដោយឡែក នៅប្រទេសឡាវ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងដឹកនាំកិច្ចពិភាក្សាសហរដ្ឋអាមេរិក-ឡាវ លើទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដែលនិយាយពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សហរដ្ឋអាមេរិក ឡាវ និងជំរុញទំនាក់ទំនងគ្នាស៊ីជម្រៅជាមួយឡាវ ក្នុងនាមជាសហប្រធាន ទាក់ទងនឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ឆ្នាំ ២០២២។ លោកនឹងជួបជាមួយលោករដ្ឋមន្រ្តីការបរទេស Saleumxay Kommasith លោកអនុរដ្ឋមន្រ្តីការបរទេស Thongphane Savanphet និងមន្រ្តីពីគណ:កម្មការទន្លេមេគង្គ។ លោកឧបការីរដ្ឋមន្រ្តីក៏នឹងជួបប្រាស្រ័យផងដែរ ជាមួយអតីតអ្នកចូលរួម ក្នុងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច របស់ក្រសួងការបរទេសអាមេរិក។

នៅក្នុងប្រទេសទាំងពីរ លោកឧបការីរដ្ឋមន្រ្តី Kritenbrink នឹងពិភាក្សាពីកិច្ចប្រជុំ កំពូលពិសេស អាស៊ាន-អាមេរិក នៅពេលខាងមុខ នេះ ដែលលោកប្រធានាធិបតី Biden នឹងរៀបចំ នៅទីក្រុង Washington នៅថ្ងៃទី ១២ និងទី ១៣ ខែឧសភា។

To Top