ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានអះអាងថា ២ឆ្នាំចុងក្រោយនេះ ខ្មែរបានខិតខំប្រឹងប្រែងខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពមិនសំចៃដៃ ដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារ គណបក្សប្រជាជនកម្ពុជាចំនួន៥០២ នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា “២ឆ្នាំចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរ ធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណា ដើម្បីធានាបាននូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន” ។

លោក ហ៊ុន ម៉ានី បានរំឮកដល់ស្ថានភាពកាលពី ២ឆ្នាំមុនថា “យើងកំពុងរវល់ដឹកនាំប្រទេសជាតិ ឲ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពពាលាអាវ៉ាសែ ។ ពេលនេះប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬ ការរិតត្បិត សកម្មភាពប្រចាំនានា ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ។ ប្រាកដណាស់ថា យើងជួបប្រទះការ លំបាកជាមួយគ្នា ប៉ះពាល់ ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះគឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ ឆ្នាំចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែង ជាមួយគ្នាខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាព ដែលខ្មែរ ធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណា ដើម្បីធានាបាន នូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន” ។

អ្នកតំណាងរាស្ត្របានឆ្លៀត ឱកាសនេះថ្លែងអំណរគុណ ចំពោះការសហការដ៏ស្អិតរមួត របស់ប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជា រក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មក នូវស្ថានភាពដើមវិញ ។ លោកបន្ថែមថា “យើងក្រុមគ្រួសារខ្មែរ រួមសុខ រួមទុក រួមគ្នារីកចម្រើន ទៅមុខជាមួយគ្នា ជាមួយប្រជាជនកម្ពុជា” ។
សូមជម្រាបផងដែរថា ក្រៅពីការធ្វើរបាយការណ៍ ពីស្ថានភាពទូទៅនៃកិច្ចការងារ គណបក្ស សម្រាប់ស្រុកបសេដ្ឋ ពិធីសំណេះសំណាលព្រឹកនេះក៏មានការ បញ្ចូលបន្ថែម នូវបទបង្ហាញ អំពីចំណុចសំខាន់ៗ នៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី ចែករំលែកដល់អ្នកចូលរួមទាំងអស់សម្រាប់ជាជំនួយ និងការពារភាព ស្របច្បាប់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការសង្កេតការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះផងដែរ ៕
