ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញទិដ្ឋភាពផ្នែកច្បាប់មួយចំនួនទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដើម្បីការពារខ្លួន។

នៅព្រឹកថ្ងៃទី១ឧសភា លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានលើកឡើង ពីទិដ្ឋភាពផ្នែកច្បាប់មួយចំនួន ទាក់ទងទៅនឹងយន្តការ នៃការការពារភាពស្របច្បាប់ ក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥៣០ នាក់ មកពី១៣ឃុំ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ម៉ា សាវ៉ាត ប្រធានគណៈកម្មាធិការ គណបក្សស្រុកគងពិសី បានថ្លែងក្នុងរបាយការណ៍ថា ក្រៅពីចំនេះដឹង និងគំនិតដែលទទួលបាន នៅថ្ងៃនេះ ភ្នាក់ងារគណបក្សនឹងទទួលបាន វគ្គបណ្តុះបណ្តាលផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា គោរពតាមគោលការណ៍ណែនាំ របស់គ.ជ.ប. និងធានាបាននូវភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា។

មិនខុសពីតាមបណ្តាស្រុកផ្សេងៗ លោកសំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការ យុទ្ធនាការបោះឆ្នោត បានរំលឹកបន្ថែមពីតួនាទី របស់ភ្នាក់ការគណបក្សនយោបាយនីមួយៗ មុនពេលចូលអនុវត្តការងារជាអ្នកសង្កេតការ នូវទិដ្ឋភាពច្បាប់ និងនីតិវិធីនៃដំណើរការ ប្រព្រឹត្តទៅនៃការបោះឆ្នោត ដើម្បីការពារផលប្រយោជន៍ និងសុចរិតភាពរបស់គណបក្សប្រជាជនកម្ពុជា៕







