ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់អនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព កម្មករនិយោជិត

ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់នូវអនុសាសន៍ ចំនួន១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព កម្មករនិយោជិត។

យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើរជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា បានឱ្យដឹងថា បច្ចុប្បន្ន ទោះបីជាស្ថិតក្នុងស្ថានភាព ដ៏លំបាកជំងឺកូវីដ-១៩ ប្រភេទថ្មីក៏ដោយ រាជរដ្ឋាភិបាល នៅតែបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួន ការងារ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចុះជួបជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត ទំនាក់ទំនងវិជ្ជាជីវៈ ហើយសម្ដេចនឹងបន្តសកម្មភាពនេះជារៀងរហូត នៅក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។

ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញវិធានការជាច្រើន ជាពិសេសអនុសាសន៍ ១០ចំណុច រួមមាន៖

១).គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តន៍ប្រាក់ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ ចំនួន១៩៤ដុល្លារអាមេរិក ដោយនឹងបើកពីរដង ក្នុងមួយខែ ជូនកម្មករនិយោជិត។

២).កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់

៣).កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០%នឹងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។

៤).បានផ្ដល់ ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសម្រាលកូន ដោយផ្ដល់ជូនកូន ១នាក់ ថវិកា៤០ម៉ឺនរៀល កូន២នាក់៨០ម៉ឺនរៀល និងកូន៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពី សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់។

៥).និយោជកបានបង់ភាគទាន របបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។

៦).ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។
៧.)ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានទទួលការអនុម័ត និង ដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែកសោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រី សាធារណៈនៅឆ្នាំ២០២០។

៨).អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់ បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ៦ខែម្ដង។

៩).បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

១០).បន្តពង្រឹងកិច្ចសហការជាមួយ ប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្ដល់ឱកាសការងារ ជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិ ឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕

To Top