ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ចាត់ទុកការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូចជាការផ្ដល់កំណើតទី ៣ ជូនប្រជាពលរដ្ឋ 

កំពង់ចាម ៖ លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយស្រុកកោះសូទិន បានចាត់ទុកការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទទួលបានជោគជ័យ មកដល់ពេលនេះ ដូចជាការផ្ដល់កំណើតទី ៣ ជូនប្រជាពលរដ្ឋដូច្នោះដែរ បន្ទាប់ពីកំណើត ទី២ ថ្ងៃ៧មករា ១៩៧៩ និងកំណើតទី១ ពីផ្ទៃមាតា ។ 

លោក ខៀវ កាញារីទ្ធ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២ ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកោះសូទិន ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម ។ 

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើអោយពិភពលោក ទទួលស្គាល់ជាបន្តបន្ទាប់ ។ ជាក់ស្តែង នៅក្នុងបរិបទកូវីដ១៩ កន្លងទៅនេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្ដារប្រទេសជាតិពីជំងឺកូវីដ១៩ បានជោគជ័យ ជាប់លំដាប់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេស ជាង១៨០ ប្រទេស ក្នុងពិភពលោក ។ ហើយការជោគជ័យមួយនេះ បានធ្វើឱ្យប្រទេសមួយចំនួន បានផ្ដល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកប្រទេសកម្ពុជា ជាបន្តបន្ទាប់ផងដែរ ។ 

ដោយឡែក លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ជំរុញឲ្យបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋ អោយបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះ ប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ។រីឯ នាយ នាយរងប៉ុស្តិ៍ និងមន្ត្រី ត្រូវខិតខំបំពេញការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ១២ចំនុច ។ 

ជាមួយគ្នានោះដែរ លោកប្រធានគណបក្សខេត្ត បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ៕

To Top