ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ជួយការពារអាយុជីវិត មិនរើសអើង និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់បាយនោះទេ ពោលគឺ មិនមានគណបក្សមួយណា បានលះបង់និងការពារអាយុជីវិត ប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជនកម្ពុជាឡើយ ។
នេះជាការបញ្ជាក់របស់ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ។
លោកឃួង ស្រេង បានលើកឡើងថារាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លា លើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ អោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដូសទី៣បាន ចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកឃួង ស្រេង បញ្ជាក់ថា បងប្អូនទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរ ឈ្មោះបោះឆ្នោត ឃុំ សង្កាត់របស់គណបក្សភ្លើងទៀន នៅតាមបណ្តាសង្កាត់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ តែពេលនេះ ពួកគាត់បានយល់ច្បាស់ ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ទើបពួកគាត់ស្ម័គ្រចិត្តមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោកក៏បានសំណូមពរ ឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោត នាពេលឆាប់ៗខាងមុខនេះគឺ សមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ប្រែក្លាយជាសន្លឹកឆ្នោតមួយសន្លឹក៕






