ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកក្រុមហ៊ុនភ្នាក់ងារនាវា មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវាឲ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឲ្យដំណើរការ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងសង្កេតឃើញថា ក្រោយពីប្រកាស ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាបានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។
ក្រសួង បញ្ជាក់ថា «សូមរំលឹកដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវាឲ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឲ្យដំណើរការជាផ្លូវការ»។
ក្រសួងបន្ដថា ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញ កំពង់ផែឡើយ៕