នយោបាយ

ឧបការី រដ្ឋមន្ត្រី ការបរទេស អាមេរិក សម្រេចលើកពេល ទស្សនកិច្ច កម្ពុជានិង ឡាវ ក្រោយតេស្ដឃើញ កូវីដ១៩

ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានសម្រេចលើកពេល ក្នុងការបំពេញទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩។

តាមរយៈបណ្ដាញសង្គម ធ្វីតធ័រ លោក Daniel J. Kritenbrink បានបង្ហាញនូវអារម្មណ៍ ក្រៀមក្រំនិងសោកស្ដាយ បន្ទាប់ពីធ្វើតេស្ដរកឃើញវិជ្ជមាន វីរុសកូវីដ១៩ ដែលតម្រូវឱ្យរូបលោកដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះ ខណៈគម្រោងទស្សនកិច្ច នៅប្រទេសកម្ពុជានិងឡាវ បានមកដល់។

កត្តាខាងលើនេះទើបបណ្ដាលឱ្យរូបលោក សម្រេចពន្យារពេល ក្នុងការធ្វើដំណើរមកកាន់ប្រទេសពីរនេះ។

ប៉ុន្តែទោះបីជាយ៉ាងណា រូបលោកក៏បានឱ្យដឹងផងដែរថា លោកនឹងរង់ចាំឱកាសធ្វើដំណើរ មកកាន់ប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នាពេលខាងមុខ។

សូមរំលឹកថា លោក Daniel J. Kritenbrink ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គ្រោងនឹងធ្វើដំណើរមកប្រទេសកម្ពុជានិងឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា ។ ហើយដំណើរទស្សនកិច្ច នេះ នឹងផ្តោតលើការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះប្រទេសក្មេងជាងគេ និងមានភាពរស់រវើកបំផុត នៅក្នុងតំបន់ នេះ ដោយពង្រឹងបន្ថែម នូវមជ្ឈភាពអាស៊ាន ភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងជំរុញឲ្យអនុតំបន់ទន្លេមេគង្គមានវិបុលភាព ភាពបើកចំហ និងសន្តិសុខច្រើនថែមទៀត។

ការគ្រោងធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសទាំងពីរ នៅតំបន់អាស៊ី អាគ្នេយ៍នេះ កើតមានឡើង ស្របពេលដែល សហរដ្ឋអាមេរិកនិង អាស៊ាន គ្រោង នឹង រៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក លើកទីពីរ នៅថ្ងៃទី១២ និង១៣ ខែឧសភា នេះ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក ៕

To Top