ភ្នំពេញ ៖ មជ្ឈមណ្ឌលបុប្ផាណា បានរៀបចំការតាំងពិព័រណ៍រូបថតមួយដែលមានចំណងជើងថា “ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ” របស់អ្នកជំនាញថតរូបអាជីព លោក ស៊ូថេប គ្រីតសាណាវ៉ារិន ។ រូបថតនេះ បង្ហាញពីជីវៈចម្រុះ និងជីវិតដែលគួរឲ្យកត់សម្គាល់នៅលើបឹងទន្លេសាប ស្របពេលគាត់ធ្វើការអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះផលវិបាកដែលនឹងប៉ះពាល់យ៉ាងធំធេង ពីការប្រែប្រួលអាកាសធាតុ សកម្មភាពមនុស្ស និងការអភិវឌ្ឍនៅលើបឹង។

ការតាំងពិព័រណ៍រូបថតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣១ ខែឧសភា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

រូបថតប្លែកៗដ៏អស្ចារ្យទាំងនេះបង្ហាញពីរបៀបរបបរស់នៅយ៉ាងចម្រុះតាមបែបផែនផ្សេងៗគ្នានៃសហគមន៍នេសាទជុំវិញបឹងទន្លេសាប។ ខណៈបណ្តុំរូបថតមួយចំនួននិទានប្រាប់ពីរឿងរ៉ាវទូទៅអំពីបរិស្ថាន ភូមិសាស្ត្រ និងជីវចម្រុះនៃបឹងទន្លេសាប ។ កម្រងរូបភាពផ្សេងទៀតបានប្រៀបធៀបបឹងទន្លេសាបក្នុងរដូវប្រាំង និងរដូវវស្សា ដោយបង្ហាញពីវិធីដែលភាវៈមានជីវិត និងប្រជាជនសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗគ្នានោះ។
បឹងទន្លេសាបស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា និងជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ ជាដែន ដែលមានផលិតភាពធនធានជលផលទឹកសាបខ្ពស់បំផុតមួយក្នុងពិភពលោកដែរ។ ផលត្រីរបស់បឹងនេះជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ និងប្រជាជននៅប្រទេសជិតខាងក្នុងតំបន់។

“ចាប់តាំងពីឆ្នាំ២០០០ មក ខ្ញុំបានទៅទស្សនាបឹងនេះជាងដប់ដងទៅហើយ ហើយរាល់ពេលដែលខ្ញុំទៅដល់ ខ្ញុំបានរៀនអ្វីថ្មីៗជានិច្ច។ វាជាកន្លែងដ៏អស្ចារ្យមួយ ប៉ុន្តែច្បាស់ណាស់ថា អ្វីៗជាច្រើនបាននិង កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅលើបឹងរួមទាំងការធ្លាក់ចុះនៃត្រី និងការបាត់បង់ជម្រកធម្មជាតិ”។ នេះបើតាមការបញ្ជាក់របស់លោក ស៊ូថេប គ្រីតសាណាវ៉ារិន។

លោក គ្រីតសាណាវ៉ារិន និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នឹងឧបត្ថម្ភដល់ការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលបុប្ផាណា ដើម្បីបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍លើអាងទន្លេមេគង្គ និងអាងទន្លេសាប។ ការតាំងពិព័រណ៍រូបថតក្នុងរយៈពេលមួយខែនេះ ត្រូវបានគេរំពឹងថា នឹងមានអ្នកទៅទស្សនាផ្ទាល់ ប្រមាណ២០០០នាក់ ។ រូបថតនានានៃស្ថានភាពបរិស្ថានបច្ចុប្បន្ន និងការផ្លាស់ប្តូរទៅតាមរដូវនៃប្រព័ន្ធបឹង និងទន្លេ នឹងត្រូវបង្ហាញជាសាធារណៈ ដើម្បីអប់រំ និងលើកកម្ពស់ការការពារ និងការអភិរក្សទៅលើធនធានដ៏មានតម្លៃ ដែលផ្ដល់ឲ្យដោយប្រព័ន្ធទន្លេទាំងនេះ៕
