ភ្នំពេញ ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៩ ថ្ងៃទី៣ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវ ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយចៀសវាងផ្សាយព័ត៌មាន បំភ្លៃការពិត ធ្វើឲ្យសាធារណជន បាត់បង់ជំនឿទៅលើព័ត៌មាន។
តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាល ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» សម្ដេចតេជោ បានលើកឡើងថា អ្នកសារព័ត៌មាន ខិតខំពុះពារ ជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មាន ដែលបានកើតឡើង ទាំងនៅក្នុងប្រទេស និងលើសកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន បានយល់ដឹង អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងទៅនឹងជីវភាព ប្រចាំថ្ងៃរបស់ពួកគេបានយ៉ាង រហ័សទាន់សភាពការណ៍ ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការ របស់ក្រសួង សុខាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លង និងការចម្លងនៃជំងឺកូវីដ-១៩ ចូលសហគមន៍នៅកម្ពុជា ទទួលជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក ។
សម្ដេចតេជោថ្លែងបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ បេសកកម្មលើវីស័យព័ត៌មាន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្ត ដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឲ្យមានសក្តានុពល ថែមទៀត និងចៀសវាងការផ្សាយព័ត៌មាន បំភ្លៃការពិត ដែលធ្វើឲ្យ សាធារណជន បាត់បង់ជំនឿ និងធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័ន សារព័ត៌មានទាំងមូល»។
សម្ដេចតេជោ ក៏បានណែនាំ ដល់អ្នកសារព័ត៌មានកម្ពុជា បន្តចូលរួមអនុវត្ត និងធ្វើការផ្សព្វផ្សាយនូវវិធានការ បង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាលឲ្យបានខ្ជាប់ខ្លួន ព្រមទាំងបន្តចូលរួមចាក់វ៉ាក់សាំង ដូសជំរុញ និងផ្សព្វផ្សាយជូន ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ឲ្យបានគ្រប់ៗគ្នា ៕