ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា សម្ដេចទើបតែចុះហត្ថលេខា លើអនុក្រឹត្យ ឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញបន្ថែម ដល់ផ្នែក ការពារអាកាស ខណៈសម្ដេចថា កម្ពុជាមិនត្រូវការយន្តហោះអាម៉ិច ទៅច្បាំងគ្នាលើអាកាសទេ គឺត្រូវការតែកម្លាំង ការពារអាកាស ដែលហៅថាសំណាញ់មេឃ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និង ផ្ដល់រង្វាន់លើកទឹក ដល់ដល់សិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី៣ ឧសភា សម្ដេចតេជោ បានលើកឡើង ពីសំណាញ់មេឃ ដែលមានអ្នកមិនយល់មួយចំនួន ស្ដាប់មិនបាន និងធ្វើអត្ថាធិប្បាយថា កម្ពុជាខ្វះយន្តហោះចម្បាំងអាម៉ិច ខ្វះនាវាមុជទឹក ។ ទាក់ទងរឿងនេះ សម្ដេចបានលើកឡើងថា សម្ដេចមិនប្រើប្រាស់ទេយន្តហោះចម្បាំងអាម៉ិចនេះ ព្រោះក្នុងអតីតរដ្ឋកម្ពុជា មានអាម៉ិច ២១ប៊ីហ្វ រាប់សិបគ្រឿង ដែលក្នុងមួយគ្រឿងៗ ត្រូវឲ្យវាក្នុងមួយឆ្នាំ ៣៦០តោន សម្រាប់ហ្វឹកហាត់ពីលុត ក្រោយមកកាត់ឲ្យនៅត្រឹម ២៦០តោន ។
សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំថាមិនមានការចាំបាច់ ប្រើប្រាស់យន្តហោះម៉ិចទេ ទៅវ៉ៃថ្ងៃណា ហើយវ៉ៃ នៅកន្លែងណាពិតប្រាកដ យកម៉ិចទៅឡើង បាញ់គ្នានៅលើ ខ្ញុំថាប្រើប្រាស់សំណាញ់មេឃ និយមន័យមេឃ អាណាទៅធ្វើសំណាញ់មេឃកើត ប៉ុន្តែនិយមន័យ សំណាញ់មេឃ ដែលខ្ញុំចង់និយាយនៅទីនេះ បានសេចក្ដីថា កម្លាំងការពារអាកាស ដែលទៅពីខាងក្រោម តែអ្នកដែលមិនយល់ ហើយភាពផ្ចាញ់ផ្ចាល់ របស់គេអត់ព្រមយល់ថា អ្វីទៅដែលគេចង់ និយាយសំដៅស្អី» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា «ឥឡូវនិយាយឲ្យច្បាស់ ខ្ញុំទើបចុះហត្ថលេខាលើអនុក្រឹត្យបង្កើត ឲ្យរើសកងទ័ពជាង៣០០នាក់ សម្រាប់បំពេញ បន្ថែមឲ្យតែផ្នែកការពារអាកាស ។ កម្ពុជាអត់ត្រូវចាំបាច់យកយន្តហោះ ទៅបាញ់គ្នាលើអាកាសទេ ត្រូវការតែកម្លាំងការពារ អាកាសដែលខ្ញុំហៅថា សំណាញ់មេឃ» ។
សម្ដេចតេជោលើកឡើងថា ក្នុងសម័យរដ្ឋកម្ពុជា មិនដែលយកយន្តហោះចម្បាំងអាម៉ិច ទៅច្បាំងនោះទេ ។ សម្ដេចថា លើវិស័យការពារជាតិ ត្រូវគិតឲ្យច្បាស់លាស់ ព្រោះយន្តហោះអាម៉ិចនេះ មួយគ្រឿងៗមានតម្លៃរាប់សិបលានដុល្លារ ។
សម្ដេចបន្ថែមថា បច្ចុប្បន្នយន្តហោះអាម៉ិចជាច្រើនគ្រឿង ទុកចោលនៅពោធិ៍ចិនតុង ។ សម្ដេចថា អ្នកដែលជោគជាំទៅដោយអំពើ ល្ងឹតល្ងង់មិនយល់ពីអ្វីដែលហៅថា សំណាញ់មេឃទេ ផ្ទុយទៅវិញបែរជាមក និយាយឌឺដងឲ្យយើងថែមទៀត ៕