ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានលោកស្រី ញ៉ែម សាខន ស ខេង ធ្វើជាប្រធាន។
យោងតាមសេចក្ដីសម្រេចរបស់សម្ដេច ស ខេង នាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការសាងសង់ព្រះវិហារ វគ្តគិរីជលសារកោះរ៉ុង មានភារកិច្ចដូចជា ៖ សិក្សាគម្រោងប្លង់លម្អិតពីការសាងសង់ព្រះវិហារ, តាមដាន និងត្រួតពិនិត្យដំណើរ សាងសង់ព្រះវិហារ ជាដើម។
សូមបញ្ជាក់ថា វត្តគិរីជលសាកោះរ៉ុង បានកសាងឡើងកាលពីឆ្នាំ១៩៩៣ លើផ្ទៃដីប្រមាណ៥ហិកតា ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានអាយុកាល២៩ឆ្នាំហើយ ៕