ព័ត៌មានជាតិ

គណៈប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ទទួលការដឹកជញ្ជូន ដោយឥតគិតថ្លៃ ពីCambodia Airways សម្រាប់ទៅប្រកួតស៊ីហ្គេម នៅវៀតណាម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិតកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ទទួលការដឹកជញ្ជូន ដោយឥតគិតថ្លៃ ពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដើម្បីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

យោងតាមសេចក្ដី ជូនដំណឹងរបស់ គណៈកម្មាធិការជាតិ អូឡាំពិតកម្ពុជា នាថ្ងៃទី៣ ឧសភា បានបញ្ជាក់ថា «ក្រោយទទួលបានការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាពិសេសពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដល់ការធ្វើដំណើរ របស់ប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡា SEA Games នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងតាមការសម្របសម្រួល ពីរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន Cambodia Airway បានផ្ដល់យន្តហោះពិសេស ដឹកជញ្ជូនប្រតិភូកីឡាទាំងទៅទាំងមក ដោយឥតគិតថ្លៃ»។

គណៈកម្មាធិការជាតិបន្ដថា SEA Games លើកនេះនៅវៀតណាម ដោយហេតុផល នៃការទប់ស្កាត់ និងកាត់បន្ថយការឆ្លងជំងឺកូវីដមិនទាន់ផុតរលត់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចក្រសួងអប់រំ ជួបការលំបាករៀបចំ ធ្វើដំណើរ ដោយសារក្នុងព្រឹត្តិការណ៍លើកនេះ ម្ចាស់ផ្ទះបានកំណត់ ពេលវេលាសម្រាប់ការ ទៅដល់ខុសៗគ្នា តាមប្រភេទកីឡា ដោយត្រូវទៅដល់មុនពីរថ្ងៃ និងត្រឡប់មកវិញមួយថ្ងៃក្រោយចប់ ប្រកួត ដែលពិបាករកកៅអី ឲ្យគ្រប់តាមជើងហោះហើរនីមួយៗ និងពិបាកក្នុងការឈប់សំចតច្រើន តាមផ្លូវជាដើម ធ្វើឲ្យកីឡាករចុះខ្សោយកម្លាំង ថាមពលមួយចំនួន ប៉ុន្តែដោយសារសម្តេចតេជោ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដោះស្រាយ ការលំបាកខាងលើនេះ ដោយរៀបចំការធ្វើដំណើរ តាមយន្តហោះពិសេស Charter Flight តែម្តង ហើយចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺប្រើប្រាស់ច្រក VIP ទាំងអស់ ៕

To Top