ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ខេង សំវ៉ាដា ប្រធានកិត្តិយស នៃសមាគមនារីអាស៊ានកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធ «ផ្ទះបាយអង្គរ» ដែលរៀបចំឡើងក្រោម ហេតុផលចម្បងចំនួន៣ ។
ពិធីសម្ពោធនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភរិយាឯកអគ្គរដ្ឋ/រាជទូត នៃបណ្តាប្រទេសអាស៊ាន និងភរិយាឯកអគ្គរដ្ឋ/រាជទូត នៃប្រទេសដៃគូអាស៊ាន ដែលជាសមាជិកា នៃសមាគមនារីអាស៊ាន។
ការបង្កើត «ផ្ទះបាយអង្គរ» នេះគឺជាការកែទម្រង់ផ្ទៃក្នុង ដែលផ្តួចផ្តើមឡើង ដោយលោកឧបនាយករដ្ឋមន្រ្តី និងជាផ្នែកមួយ នៃការទូតអាហារ ដែលមានចែងនៅក្នុងយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ច ២០២១-២០២៣ របស់ក្រសួង ព្រមទាំងទទួលបានការគាំទ្រ ទាំងស្រុង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
«ផ្ទះបាយអង្គរ» នេះត្រូវបានរៀបចំឡើង ក្រោមហេតុផលចម្បងចំនួន៣គឺ៖ ១- សៀវភៅមុខម្ហូប “រសជាតិអង្គរ-The Taste of Angkor” របស់ក្រសួងការបរទេស បានទទួលជ័យលាភីជា “សៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេ-The Best Asian Cookbook” នៅក្នុងការប្រកួត Gourmand World Cookbook Awards ប្រចាំឆ្នាំ២០២១ នៅទីក្រុងបារីស ដោយសារសៀវភៅនេះ មានរូបមន្តធ្វើម្ហូប និងបង្អែមខ្មែរចំនួន ៣៨មុខ ដែលលម្អិតនិង ងាយស្រួលធ្វើតាម ។ អាស្រ័យហេតុនេះ ក្រសួងនឹងប្រើប្រាស់សៀវភៅនេះ ជាឧបករណ៍គន្លឹះ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយ វិស័យការទូត អាហាររបស់យើង តាមរយៈមិត្តភក្តិបរទេស នៅទូទាំងពិភពលោក ជាឧទាហរណ៍មិត្តភក្តិអាស៊ាន របស់យើងនៅក្នុងថ្ងៃនេះ ។
២- ក្រសួងការបរទេស តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ គ្រោងនឹងរៀបចំកម្មវិធីបណ្តុះ-បណ្តាលស្តីពី “ការទូតអាហារ” ដល់មន្រ្តីការទូតកម្ពុជា ជាពិសេសភរិយាឯកអគ្គរាជទូត ដើម្បីពង្រឹងសមត្ថភាពពួកគាត់ឱ្យស្វែងយល់ពីមូលដ្ឋានគ្រឹះនៃរូបមន្តនិងវិធីចម្អិនម្ហូបខ្មែរ។ បន្ទាប់មក ពួកគាត់នឹង ប្រើប្រាស់ចំណេះ-ដឹង ដែលទទួលបានពីវគ្គ បណ្តុះបណ្តាលនេះ ដើម្បីពន្យល់ពីប្រវត្តិម្ហូបខ្មែរ រាប់ពាន់ឆ្នាំនេះ និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ ដល់មិត្តភក្តិបរទេស។
៣- បន្ទាប់ពីម្ហូបខ្មែរ ត្រូវបានទទួលស្គាល់ និងមានភាពល្បីល្បាញហើយ ទាំងអស់គ្នាជឿជាក់ថា នឹងមានឱកាសវិនិយោគលើវិស័យផ្សេងៗដូចជា ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ ផលិតផលកសិកម្ម និងការពង្រីកចំនួនភោជនីយដ្ឋាននិងសណ្ឋាគារ ជាដើម។
ជាលទ្ធផល នឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕