ព័ត៌មានជាតិ

ព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំង លោក លាង សួគ៌ ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម

ភ្នំពេញ ៖ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំងលោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥២សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី ៨ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៩រូប។

អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិក ដែលបានទទួលមរណភាព ។

សូមបញ្ជាក់ថា ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងយោងលិខិត របស់ក្រសួងយុត្តិធម៌ ព្រឹទ្ធសភា ត្រូវបានស្នើសុំឲ្យរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន ១រូប ជំនួសលោក អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលបានទទួលមរណភាព ៕

To Top