ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការកំបាំងមុខ លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាអតីតៈស្ថាបនិកចលនាមាតាធម្មជាតិ ពាក់ព័ន្ធបទល្មើស«សមគំនិត ក្នុងអំពើញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០។
សវនាការនេះ ដឹកនាំដោយលោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សា និង មានលោក អគ្គព្រះរាជអាជ្ញារង ឈួន ចាន់ថា គឺ ជាតំណាងមហាអយ្យការ ព្រមទាំងមានវត្តមាន លោកមេធាវី សំ ចំរើន ជាមេធាវីការពារក្ដី អោយជាប់ចោទឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលរត់គេចខ្លួនឯ ក្រៅប្រទេស។
លោកចៅក្រម ឃឹម ប៉ុណ្ណ បានថ្លែងអោយដឹងថា នៅក្នុងរឿងក្តីនេះ ជនជាបចោទ ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ជនជាតិ: អេស្ប៉ាញ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ២០ ខែ និង ពិន័យ ជាប្រាក់ចំនួន ៤ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ: សមគំនិត ក្នុងអំពើញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២៩, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
តែគាត់ប្តឹងឧទ្ទរណ៍ ខណៈសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទោសរបស់គាត់ រក្សាទុក ដដែល។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ តាមរយៈមេធាវីរបស់គាត់ ឈ្មោះ លោក សំ ចំរើន មកកាន់តុលាការកំពូលទៀត។
នាពេលសវនាការ, លោកមេធាវី សំ ចំរើន បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តាសម្រេចច្រានចោល សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម និង សូម ទម្លាក់ចោលបទចោទប្រកាន់ ចំពោះកូនក្តី។
តុលាការកំពូលនឹងប្រកាសសាលដីកា លើ សំណុំរឿងក្តីនេះ នៅថ្ងៃទី ១០ ខែ ឧសភា ខាងមុខនេះ៕
ដោយ: លីហ្សា