ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែ ឧសភា ២០២២នេះ បានជំនុំជម្រះលើបណ្តឹងឧទ្ទរណ៍ បុរសជាប់ចោទម្នាក់ ដែលជាអតីតសកកម្មជនគណបក្សសង្គ្រោះជាតិ និង ក៏ជាសកម្មជនការពារព្រៃឡង់ ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈហ្វេសប៊ុកប្រព្រឹត្ត កាលពីអំឡុងខែ មេសា ឆ្នាំ ២០២១។
លោកចៅក្រម គី ឬទ្ធី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ វឿន វាសនា ភេទ ប្រុស កើត ឆ្នាំ ១៩៨៦ មុខរបរ អ្នកធ្វើចំការ មានទីលំនៅ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនជាប់ចោទឈ្មោះ វឿន វាសនា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគារ កំណត់១ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញាតិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១។
ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន ដោយតុលាការ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១។
នាពេលសវនាការ ជនជាប់ចោទឈ្មោះ វឿន វាសនា ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការ បានឆ្លើយបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់រូបគាត់ខាងលើនេះ។
ឈ្មោះ វឿន វាសនា និយាយថា គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់រូបគាត់នោះទេ។
ឈ្មោះ វឿន វាសនា ក៏ មិនទទួលស្គាល់ រូបថតរបស់គាត់ និង សម្លេង ដែលបាននិយាយ ដោយធ្វើការវិភាគផង ទាក់ទងទៅនឹងបញ្ហាជម្លោះ និង ការបែកបាក់ ផ្ទៃក្នុង នៃ គណបក្សប្រជាជនកម្ពុជា និង ការបែកគ្នា រវាង ក្រុម អ្នកគាំទ្រ ឬ ខ្សែខាង សម្តេច ហ៊ុន សែន និង សម្តេចស ខេង ដូចមាននៅក្នុង នៅកុ្នងឃ្លីបវិដេអូ ដែល ជាឯកសារ ដាក់បន្ទុក គាត់នោះ។
ឈ្មោះ វឿន វាសនា បាននិយាយថា រូប និង សម្លេង ដែលមាន នៅក្នងនៅកុ្នងឃ្លីបវិដេអូ និង ដែលជាភស្តុតាង ដើម្បីដាក់បន្ទុករូបគាត់នោះ ទោះបីមានភិនភាគ និង សម្លេង ប្រហាក់ប្រហែលនឹងរូប ឬ សម្លេងគាត់ ក្តី តែមិនជារូបគាត់នោះទេ។ វាជារូបភាព និង សម្លេងកាត់ត និង ក្លែងក្លាយ។
គាត់បានសំណូមពរដល់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សម្រេចទម្លាក់បទប្រកាន់ និង ដោះលែងរូបគាត់ អោយមានសេរីភាពវិញ៕
ដោយ គា លីហ្សា