ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចការងារសាងសង់បានចំនួន ៣៣,៥៨% ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ។
កាលពីថ្ងៃ៣ ឧសភា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុង ក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ក្រុមការងារនៃគណៈកម្មការទទួលបន្ទុក ការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។
ជំនួបនោះលោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា លោកចង់ឃើញអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ត្រូវបានគ្រប់គ្រង និងធ្វើប្រតិបត្តិការតាមម៉ូដែលស្វ័យត ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានានិរន្តរភាពនៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រុកកោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា «គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ ការងារសាសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយមុនពិធីបុណ្យចូលឆ្នាំខ្មែរ» ។
សូមជម្រាបថា គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន ៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន១ខ្នង មាន៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ , ២) អគារខាងឆ្វេង ចំនួន១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ និង៣) អគារខាងស្តាំចំនួន១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។
អគារទាំង ៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕