ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ប្រាប់មន្រ្តីUN ថាកម្ពុជាមិនមែនជាកន្លែងដាំដុះ រុក្ខជាតិញៀនទេ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់លោកស្រី លីលី សាំង(Lili sang) មន្រ្តីសម្របសម្រួលកម្មវិធីនៃប្រទេសហត្ថលេខី នៃអនុស្សរណៈយោគយល់គ្នា របស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU ថា កម្ពុជាមិនមែនជាកន្លែងដាំដុះ រុក្ខជាតិញៀនទេ ។ នេះបើយោងតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បែបនេះ ស្របពេលឧក្រិដ្ឋជនគ្រឿងញៀន បានបង្វែរការផលិតគ្រឿងញៀនរុក្ខជាតិ និងពាក់កណ្តាលសំយោគទៅផលិតគ្រឿងញៀនសំយោគ ចំណាយពេលតិច តែផលិតបានគ្រឿងញៀនច្រើន ។

ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយលោកស្រី លីលី សាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសហការល្អ ជាមួយបណ្តា ប្រទេសអង្គការជាតិ អង្គការអន្តរជាតិនានា ដែលជួយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបានសំណូមពរដល់ UNODC បន្តពិនិត្យសកម្មភាពនានានៅសេសសល់ មិនទាន់សម្រេចបានក្នុងផែនការ អនុតំបន់ទី១១ (SAP11) ដាក់ចូលទៅក្នុងផែនការអនុតំបន់ទី១២ (SAP12)ដើម្បីប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គជាហត្ថលេខីនៃអនុស្សរណយោគយល់គ្នា Mekong MOU រួមគ្នាបន្តសកម្មភាពប្រកបដោយប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ លើកឡើងបន្ថែមពីស្ថានភាពគ្រឿងញៀនជាតិ-អន្តរជាតិ និងតំបន់ស្របពេលឧក្រិដ្ឋជនគ្រឿងញៀនបានបង្វែរការផលិតគ្រឿងញៀនរុក្ខជាតិ និងពាក់កណ្តាលសំយោគទៅផលិតគ្រឿងញៀនសំយោគចំណាយពេលតិច ផលិតបានគ្រឿងញៀនច្រើន ។ លោកថា “ប្រទេសកម្ពុជា មិនមែនជាកន្លែងដាំដុះ រុក្ខជាតិញៀនទេ និងបានស្វាគមន៍ ដល់គំនិតផ្តួចផ្តើម រៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំង គ្រឿងញៀនអនុតំបន់ទី១២(SAP12)” ។

ដោយឡែក លោកស្រី លីលី សាំងបានសម្តែងក្តីសប្បាយរីករាយចំពោះកិច្ចសហការល្អ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយ UNODC សម្របសម្រួលអនុវត្តន៍ផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការសកម្មភាព អនុតំបន់ទី១១(SAP11 ) សម្រេចបានលទ្ធផលក្នុងដំណាក់កាលដែលប្រទេសនៅលើផែនដីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

To Top