ព័ត៌មានជាតិ

លោក ពូទីន អនុម័តទណ្ឌកម្ម សងសឹកជុំវិញ ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យ មួយកាលពីថ្ងៃអង្គារ ស្តីពីការដាក់ទណ្ឌកម្ម សងសឹកប្រឆាំងនឹងបុគ្គល និងអង្គភាព ដើម្បីឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់” របស់ពួកគេជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។

វិធានការនេះ នឹងត្រូវធ្វើឡើងនៅក្នុងការសងសឹកចំពោះ “សកម្មភាពមិនរាក់ទាក់ របស់សហរដ្ឋអាមេរិក រដ្ឋបរទេស និងអង្គការអន្តរជាតិ ដែលមានបំណង ដកហូតដោយខុសច្បាប់ នូវប្រទេសរុស្ស៊ី ពលរដ្ឋរុស្ស៊ី និង នីតិបុគ្គល នៃសិទ្ធិអចលនទ្រព្យ ឬការដាក់កម្រិត សិទ្ធិកម្មសិទ្ធិរបស់ពួកគេ” និងជាមួយគោល បំណងនៃ “ការការពារផលប្រយោជន៍ជាតិ របស់រុស្ស៊ី” នេះបើយោងតាមក្រឹត្យ។

ឯកសារហាមឃាត់ការ បំពេញកាតព្វកិច្ចជាមួយបុគ្គល និងអង្គភាពបរទេស ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម បញ្ចប់កិច្ចព្រមព្រៀង ឬប្រតិបត្តិការជាមួយពួកគេ ។ ជាងនេះទៅទៀត រុស្ស៊ីនឹងហាមប្រាមការនាំ ចេញវត្ថុធាតុដើម និងផលិតផលពីរុស្ស៊ីទៅកាន់អ្នក ដែលខ្លួនបានដាក់ទណ្ឌកម្ម ។

ក្រឹត្យនេះ មិនបានផ្តល់ព័ត៌មានលម្អិតថា បុគ្គល ឬ អង្គភាព ណាខ្លះអាច ត្រូវបាន ប៉ះពាល់ ដោយវិធានការនេះទេ ។ រដ្ឋាភិបាលរុស្ស៊ី ត្រូវបានបញ្ជាឱ្យចងក្រង បញ្ជីបុគ្គល ដែលស្ថិតនៅក្រោមការដាក់ ទណ្ឌកម្មក្នុងរយៈពេល ១០ថ្ងៃ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top