ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។
ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕