ភ្នំពេញ ៖ បុគ្គលម្នាក់អាងអំណាច បានប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើតូប (កញ្ចុះលំហែកាយ)ជាលក្ខណៈទ្រង់ទ្រាយធំល្មម នៅលើដីរដ្ឋជាប់មាត់ទន្លេ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគ្មានកោតញញើតអាជ្ញាធរមូលដ្ឋានឡើយ ។
យោងតាមស្រ្តីម្នាក់ឈ្មោះ ឈន នីបូរាណ ដែលមានដីជាប់នឹងបុគ្គលប្រើអំណាចសង់កញ្ចុះលើដីរដ្ឋ បានរៀបរាប់ឲ្យដឹងថា បុគ្គលនេះ មានឈ្មោះ ទេស វិបុល នៅភូមិព្រែកក្របៅទី៣ មានតួនាទីជាប្រធានចាងហ្វាយកាសែតមេត្តាអនុវត្ត ។
អ្នកស្រី ឈន នីបូរាណ បានឲ្យដឹងទៀតថា រឿងរ៉ាវនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៨ ប៉ុន្តែដោយសារតែមានការប្តឹងពីសំណាក់ប្តីអ្នកស្រីទៅលោក ឈឹម ម៉េង ជាមេឃុំព្រែកអំពិលបានឲ្យរុះរើម្តងហើយ ហើយក៏បានស្ងប់ទៅវិញ ទើបតែក្នុងរយៈពេលថ្មីនេះ បុគ្គលឈ្មោះ ទេស វិបុល នៅតែរឹងទទឹងមកសាងសងជាថ្មីម្តងទៀត ទើបធ្វើឲ្យមានជំលោះទាស់សំដីគ្នានាពេលថ្មីៗនេះ ។
បើតាមអ្នកស្រី ឈន នីបូរាណ គាត់បានទិញដីដែលនៅជាប់ផ្លូវសាធារណៈជាប់មាត់ទន្លេនេះ តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែទើបឆ្នាំ២០១៨បុគ្គលឈ្មោះ ទេស វិបុល បានមកធ្វើកញ្ចុះនៅចំណុចនេះ(នៅពីក្រោយដីអ្នកស្រី ឈរនី បុរាណ) ។ អ្នកស្រីថា ការធ្វើកញ្ចុះរបស់ឈ្មោះ ទេស វិបុលនេះ បានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋនៅក្នុងភូមិចុះទៅបូមទឹកបាន។
ដោយសារតែការរឹងរូសរបស់បុគ្គល ទេស វិបុលនេះ អ្នកស្រីបានដាក់ពាក្យបណ្តឹងជាថ្មីទៀតទៅ លោក ឈឹម ម៉េង ជាមេឃុំព្រែកអំពិល និងអភិបាលស្រុកខ្សាច់កណ្តាល លោក ប៊ុន ផេង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ដូចគ្នា ដែលមានខ្លឹមសារអត្ថន័យដូចគ្នាថា “ឈ្មោះ ទេស វិបុល មិនបានអនុវត្តតាមការណែនាំអាជ្ញាធរ ព្រមទាំងកំពុងសាងសង់បន្តនៅលើដីសាធារណៈ(ដីមានទំនាស់)នាពេលបច្ចុប្បន្ន ដែលបុគ្គលនេះ គ្មានឯកសារបញ្ជាក់ពីអាជ្ញាធរដែនដី”។
ក្នុងពាក្យបណ្តឹងរបស់អ្នកស្រីលើកឡើងថា ការសាងសង់នេះ ធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាជនបូមទឹកប្រើប្រាស់ប្រចាំក្នុងភូមិ , ប៉ះពាល់បរិស្ថាន និងប្រើឥទ្ធិពលជាអ្នកសារព័ត៌មានមកលើប្រជាជន ។ អ្នកស្រីគូសបញ្ជាក់ថា “នាងខ្ញុំស្នើសុំឲ្យអាជ្ញាធរអន្តរាគមន៍ បញ្ឈប់ និងរុះរើ សំណង់របស់ទេស វិបុល ពីច្រាំងមាត់ទន្លេនេះ” ។
អ្នកស្រី ឈន នីបូរាណ លើកឡើងទៀតថា ចំពោះការសាងសង់របស់បុគ្គលទេស វិបុលនេះ គឺគ្មានលិខិតស្នាមបញ្ជាក់ពីអាជ្ញាធរទេ ។
ទាក់ទងនឹងករណីនេះ លោកទេស វិបុល បានអះអាងថា ជាដីរបស់គាត់តាំងពី៣០មកម្ល៉េះ គ្មានដីចំណីផ្លូវសាធារណៈទេ ។ លោកថា ពីមុនមានសាលារៀន វិហារនិងផ្ទះរបស់លោក តែដោយសារការបាក់ច្រាំងទន្លេក៏ខូចខាតទៅតាមទន្លេអស់ទៅ ។
ចំពោះការអះអាងរបស់អ្នកស្រី ឈន នីបូរាណ ថារឿងនេះកើតឡើងតាំងពីឆ្នាំ២០១៨ឲ្យអាជ្ញាធរឲ្យផ្អាកការសាងសង់ម្តងរួចមកនោះ លោកថា គ្មានការពិតទេ ។
លោកថា “នេះជាដីរបស់ខ្ញុំពិតប្រាកដ ជាង៣០ឆ្នាំមកហើយ មានសួនសត្វ មានអាងទឹក មានផ្ទះសំណាក់យូរហើយ តែមួយឆ្នាំបាក់១០ម៉ែត្រៗ ។ បងស្រីហ្នឹងក៏មកទិញដីជាប់ក្បាលដីខ្ញុំហ្នឹង ទិញពីគេ គាត់នៅណាហ្នក ដូចនៅភ្នំពេញហ្នក ។ គាត់ទិញពីអ្នកគួកជេរ ហើយអ្នកគួកជេរបោក។ គាត់អត់ដឹងគាត់ចង់មករំលោភលើដីខ្ញុំមានមេឃុំដឹងលឺ ចៅហ្វាងស្រុកដឹងលឺគ្រប់ជំនាន់”។
សម្រាប់ទំនាស់រវាងភាគីទាំង២នេះ លោក ប៊ុន ផេង ដែលជាអភិបាលស្រុកខ្សាច់កណ្តាល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការពិតដីសាងសង់នោះជាដីរបស់មានម្ចាស់(អ្នកកំពងុសាងសង់)ស្រាប់តាំងពីយូរមកហើយ ដូច្នេះមានតែការសម្របសម្រួលរវាងភាគីទាំងសងខាងនោះទេ។
ចំពោះអ្នកដឹងរឿងរ៉ាវជំលោះនេះ បានលើកឡើងជាទស្សនៈថា ជាធម្មតាដីរបស់ខ្លួនហើយ ប៉ុន្តែកាលណាតែបាក់ច្រាំងគឺក្លាយជាដីទន្លេ ខ្លួនលែងក្លាយជាម្ចាស់កម្មសិទ្ធិទៀតហើយ ចុះហេតុអ្វីបានជាមកសាងសង់សំណង់នៅក្បែរដីរបស់គេទៀតដែលដីច្រាំងនោះ គឺជាដីរបស់គេទៅហើយនោះ។ ដូច្នេះការសាងសង់មានបានសុំច្បាប់ត្រឹមត្រូវដែរឬទេ ? ព្រោះជាធម្មតាសាងសង់នៅដីច្រាំងមាត់ទន្លេត្រូវតែសុំច្បាប់ និងការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន៕