ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ-កម្មការិនី មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈ គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្ដីពីការងារឲ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំ លើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ»។
ក្រសួងបន្ដថា ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យនោះ និយោជកត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬពីរដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ក្រសួងឧទាហរណ៍ថា កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួល សុទ្ធសាធ ប្រចាំខែ២០០ដុល្លារ ក្នុងមួយខែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ និយោជិតនោះនៅតែទទួលបាន ប្រាក់ឈ្នួលចំនួន២០០ដុល្លារ ក្នុងមួយខែដដែល។ ប្រសិនបើ កម្មករនិយោជិតនោះ ស្ម័គ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់បុណ្យដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវ ទទួលបានប្រាក់ឈ្នួលបន្ថែម ម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬពីរដង នៃប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា៕