ព័ត៌មានជាតិ

យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករ ចាប់ផ្ដើមអនុវត្តជាផ្លូវការ

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការហ៊ាននិយាយ «ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ត្រូវបានចាប់ផ្ដើមអនុវត្តជាផ្លូវការ ដោយបានទទួលការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី។

យុទ្ធនាការហ៊ាននិយាយ មានការចូលរួម លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងលោក William Conklin នាយកម្មវិធីប្រចាំកម្ពុជា នៃមជ្ឈមណ្ឌលសាមគ្គីភាព ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះមានកំណើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន ។

ជារៀងរាល់ថ្ងៃ នៅកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ជាង ៧០០.០០០នាក់ ប្រថុយប្រថាន អាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។

ដោយឡែក អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត២០% គឺជាកម្មករ (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ក្នុងនោះមួយភាគធំគឺជាស្ត្រី។

សូមបញ្ជាក់ថា កម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជា ការផ្សព្វផ្សាយផ្ដល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ការផ្លាស់ប្ដូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់៕

To Top