ព័ត៌មានជាតិ

សម្ដេចតេជោ៖ បងប្អូនយើងបែកគ្នា ដោយពុំបានលាគ្នា និងនិយាយជាមួយគ្នា សូម្បីមួយម៉ាត់

ភ្នំពេញ៖ មរណភាពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ពោរពាក្យថា បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ក្នុងនាទីចុងក្រោយ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោនាថ្ងៃ៦ ឧសភា ភ្ជាប់រូបភាពរវាងសម្តេចនិងលោកហ៊ុន ណេង បានសរសេររៀបរាប់យ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅថា «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយ មិនអាចជួបគ្នាវិញបានទេ»។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ដែលជាបងប្រុសរបស់សម្តេចតេជោ បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃ៥ ឧសភា ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ លោក ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top