បាងកក ៖ ក្នុងគម្រោងជាច្រើនរបស់សភាពាណិជ្ជកម្មខេត្តត្រាត ត្រៀមសហការ ដើម្បីជំរុញសក្កានុពល លើវិស័យទេសចរណ៍ ជាមួយវិស័យឯកជនកម្ពុជា វៀតណាម មានគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺគម្រោងបើកឲ្យមានទេសចរណ៍ផ្លូវទឹក តាមរយៈកាប៉ាល់ទេសចរឆ្លងកាត់៣ប្រទេស ថៃ-កម្ពុជា-វៀតណាម តាមបណ្តាខេត្តជាប់សមុទ្រនៃប្រទសទាំង៣ ។
គម្រោងខាងលើនេះ ត្រូវបានសិក្សាមកជាច្រើនឆ្នាំ និងខកខានដោយសារផលប៉ះពាល់ជំងឺរាតត្បាតសកលកូវីដ១៩ ។ ដោយឡែក ក្រោយមានភាពធូស្រាលឡើងវិញ គម្រោងមួយនេះ ត្រូវបានអ្នកស្រី វីយ៉ាដា ស្រុង អនុប្រធានសភាពាណិជ្ជកម្ម វិស័យទេចរណ៍ប្រចាំខេត្តត្រាត អះអាងថា នឹងលេចចេញជារូបរាង ក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចសហការ និងការខិតខំប្រឹងប្រែងពីភាគីថៃ កម្ពុជា និងវៀតណាម ដែលបានជួបប្រជុំពិគ្រោះយោបល់គ្នា និងជំរុញកិច្ចសហការ រៀបចំដោយសភាពាណិជ្ជកម្មទេសចរណ៍ ប្រចាំខេត្តត្រាត ប្រទេសថៃ រួមជាមួយ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា PATA ដឹកនាំដោយលោក ធួន ស៊ីនណាន និងតំណាងប្រទេសវៀតណាម ។
លោកស្រី វីយ៉ាដា ស្រុង បានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ថា “គម្រោងនេះរៀបចំយូរឆ្នាំហើយ ដោយសារយើងសម្លឹងមើលឃើញ សក្កានុពលនៅក្នុងផ្លូវនេះ ដោយយើងមើលឃើញ ជនជាតិចិន មកវិនិយោគច្រើន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រតែម្តង ។ ដូច្នេះយើងឃើញឱកាស បើសិនយើងវិនិយោគនៅក្នុងផ្លូវហ្នឹង យើងត្រូវតែមានការផ្សព្វផ្សាយឲ្យភ្ញៀវ ឬប្រជាពលរដ្ឋ នៅក្នុងប្រទេសរៀងៗខ្លួន ចាប់អារម្មណ៍ចង់មកទស្សនកិច្ច” ។
ជុំវិញការព្រួយបារម្ភនឹងជំងឺរាតត្បាតកូវីដ១៩ និងដើម្បីឲ្យមានទំនុកចិត្ត លើសុវត្ថិភាពភ្ញៀវទេសចរ ទាំងឡាយ អ្នកស្រីឲ្យដឹងទៀតថា “ធ្វើយ៉ាងម៉េចក៏ដោយឲ្យសុវត្ថិភាពជាទីបំផុត របស់ភ្ញៀវទេសចរ ដែលថាមកទស្សនកិច្ចកន្លែងយើង។ នៅចំណុចនេះ មិនមែនថា ភាគីថៃធ្វើតែម្នាក់ឯងនោះទេ យើងត្រូវតែមានការចែករំលែកបទពិសោធន៍ទៅកាន់កម្ពុជាផង ប៉ុន្តែយើងមើលឃើញថា ភាគីកម្ពុជា មានការយល់ដឹងច្រើនក្នុងការណែនាំទៅភ្ញៀវខ្លួនឯងដែរ ហើយខាងភាគីវៀតណាម ក៏យើងត្រូវចែកបទពិសោធន៍ទៅដែរ យើងត្រូវតែមានស្តងដារតែមួយ នៅក្នុងផ្លូវហ្នឹង” ។
ក្នុងនោះដែរ អ្នកស្រីអនុប្រធានសភាពាណិជ្ជកម្ម វិស័យទេចរណ៍ប្រចាំខេត្តត្រាត បានសង្កត់ធ្ងន់ថា “ការជំរុញឲ្យមានវិស័យទេសចរណ៍ផ្លូវទឹក គឺជាឱកាសល្អមែនទែន ។ បើមើលតាមតួលេខទូទាំងពិភពលោក ភ្ញៀវទេសចរតាមផ្លូវទឹក មានកំណើនគួរឲ្យកត់សម្គាល់ ។ យើងមើលចំនួនតួរលេខមកតាមផ្លូវទឹក ទូទាំងពិភលោក គឺភ្ញៀវចូលចិត្តតែម្តង បើសិនយើងធ្វើបានមុន ហើយយើងមើលពេលវេលា ក្នុងការឆ្លងកាត់ ទូកជិះកាត់ ខេត្តត្រាត ទៅខេត្តព្រះសីហនុ ប្រើពេលត្រឹមតែ៣ម៉ោង យើងធ្វើដំណើរតទៀតទៅភូគូក (កោះត្រល់) ប្រើពេលវេលាត្រឹមតែ២ម៉ោង ដូច្នេះយើងជឿជាក់ថា កញ្ចប់ទេសចរណ៍មួយនេះ នឹងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ ទូទាំងពិភពលោក” ។
អ្នកស្រីបន្ថែមថា “វានឹងជួយឲ្យច្រករបៀងសេដ្ឋកិច្ចរបស់យើង (កម្ពុជា-ថៃ-វៀតណាម) នឹងមានកំណើនឆាប់ៗក្នុងឆ្នាំថ្មីនេះ ដែលមានជំនឿថា នឹងធ្វើឲ្យភ្ញៀវទេសចរ ចាប់អារម្មណ៍លើគម្រោងមួយនេះ” ។
ដោយឡែកភាគីកម្ពុជា សម្រាប់លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការចាប់ផ្តើមកិច្ចសហការជាមួយវិស័យឯកជន ជាមួយតំបន់ខេត្តត្រាត មុនគេ ដោយសារតែភាគីថៃ មានទម្រង់ CVTEC រួចហើយដែរ (Cambodia-Vietnam-Thailand Economic Corridor) ដែលដឹកនាំដោយសភាពាណិជ្ជកម្ម វិស័យទេចរណ៍ថៃ ហើយនឹងអនុវត្តដោយផ្ទាល់ ដោយសមាគមទេសចរណ៍ខេត្តត្រាត និងខេត្តរ៉ាក់យ៉ង់ និងខេត្តចន្ទបុរី ។
ប្រធាន PATA បន្ថែមថា “សកម្មភាពទាំងអស់នោះ គឺគេមានរួចទៅហើយ ហើយតំបន់ហ្នឹងនៅខាងភាគីថៃ គឺអាចថាជាតំបន់មានសកម្មភាពច្រើន ដូច្នេះហើយបានយើងចាប់ផ្តើម ពីតំបន់នេះមុន បូករួមទាំងយើងមានការសហការល្អរៀងរាល់ឆ្នាំ យើងតែងតែមានសកម្មភាពរួមគ្នារួចទៅហើយ ដែលនេះជាហេតុ ក្នុងនាមខ្ញុំជាប្រធានសមាគមអាស៊ីប៉ាហ្វិកកម្ពុជា ចាប់ផ្តើមជំរុញតភ្ជាប់គ្នាមុនគេ ទើបចាប់ផ្តើមទៅតាមតំបន់ព្រំដែនដទៃទៀត” ។
គួរឲ្យដឹងថា ច្រកសេដ្ឋកិច្ចត្រីភាគីនេះ គឺគ្របដណ្ដប់លើបណ្ដាខេត្តជាប់មាត់សមុទ្រ នៃប្រទេសទាំង៣ ដូចជា ខេត្តជលបុរី ខេត្តរ៉ាក់យ៉ង់ ខេត្តចន្ទបុរី ខេត្តត្រាត របស់ប្រទេសថៃ ។ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប របស់កម្ពុជា ។ ខេត្តគៀនយ៉ាង ទីក្រុងហាទៀង និងទីក្រុងកាន់ថឺ របស់វៀតណាម។ ខេត្តទាំងនេះ សុទ្ធតែនៅជាប់មាត់សមុទ្រដែលមានសក្ដានុពលខ្លាំង លើវិស័យទេសចរណ៍ ៕