ព័ត៌មានជាតិ

សប្បុរសជនបរិច្ចាគថវិកាក្នុង “ពិធីជួបជុំបណ្តាញមិត្តយើង” ជួយតាស៊ីក្លូ ចាស់ជរាសិស្ស-និស្សិតក្រីក្រ

ភ្នំពេញ៖ ដើម្បីជួយដោះស្រាយការលំបាក ទីទាល់សប្បុរសជនបាននាំគ្នា បរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈ “ពិធីជួបជុំបណ្តាញមិត្តយើង” ជួយដល់ក្មេងកំព្រា ចាស់ជរា តាស៊ីក្លូ សិស្ស-និស្សិតក្រីក្រ…។

“ពិធីជួបជុំបណ្តាញមិត្តយើង” ទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុល ពីសប្បុរសជនសរុបជាង ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក ដើម្បីប្រើក្នុងសកម្មភាពសង្គម។

កាលពីពេលថ្មីៗនេះសមាគមមិត្តយើង បានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព។ សមាគមមិត្តយើង មានសេចក្តីសោមនរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចូលរួម ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ភ្ញៀវកិត្តិយសទំាងអស់។

សមាគមមិត្តយើង ទទួលបានការបរិច្ចាគជាទឹកប្រាក់ និងសម្ភារៈពីសប្បុរសជននានា តាមរយៈលោកហេង សួរ មានចំនួនជាង ៥០ ០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាព សមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។

បើតាមសមាគមមិត្តយើងបានឲ្យដឹងថាជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង ៥០,០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាក ក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ ៕

To Top