ភ្នំពេញ៖ ប្រធានកិត្តិយសមូលនិធិ ត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹកដល់ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិត្រីចក្រយានកម្ពុជា យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន ដែលជាសមាជិក អ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ឧសភានេះ លោក ឃួង ស្រេង បានចាត់អោយលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវអំណោយ របស់សម្តេចតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិក អ្នកធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួល ដល់ការលំបាកក្នុងជីវភាព របស់ពួកគាត់។

លោក ម៉េត មាសភក្តី បានមានប្រសាសន៍សម្ដេចតេជោ បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនអ្នកធាក់ស៊ីក្លូ ដោយក្នុងបរិបទជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ ថែមទាំង បានផ្តល់អំណោយ ជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែ ជារៀងរាល់ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់ អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល។

គួរបញ្ជាក់ថា មូលនិធិនេះ ត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨ គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើត តាំងពីសម័យអនានិគមនិយមបារាំង៕





