នយោបាយ

លោក កឹម សុខា ចូលជួបសម្តែង ការរំលែកមរណទុក្ខ បងប្រុសសម្ដេចតេជោ ហ៊ុន សែន នៅកំពង់ចាម បង្កើតបានជា «អឆ្ឆរិយៈទន្លេមេគង្គ»

ភ្នំពេញ៖ និយាយក្នុងន័យភូមិសាស្រ្តនយោបាយ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា អតីតមេបក្សប្រឆាំង នៅក្នុងឱកាសចូលរួមមរណទុក្ខ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម បង្កើតបានជា «អឆ្ឆរិយៈ ទន្លេមេគង្គ»។

សូមរំលឹកថានេះ គឺជាលើកទី២ ហើយដែលសម្ដេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានជួបគ្នាផ្ទាល់ ចាប់តាំងតែមានភាពតានតឹង ខាងនយោបាយមក ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃ២៩ ធ្នូ ១៩៩៨ មិនត្រឹមតែនាំមកនូវសន្តិភាព សម្រាប់ប្រជាជាតិទេ តែក៏បានបង្កើតនូវ វប្បធ៌មឱ្យអ្នកនយោបាយខ្មែរ គោរពស្រលាញ់គ្នាផងដែរ ហើយកាយវិការ របស់អ្នកដឹកនាំ និងមេដឹកនាំបក្សនយោបាយ បានវិលទៅរកអតីតកាល៨០២ ដែលព្រះបាទជ័យវរ្ម័នទី២ បានចាប់ផ្តើមប្រកាស យុគសម័យអង្គរ ដ៏មហារុងរឿង»។

លោកបញ្ជាក់ថា «ដូច្នេះ អ្នកដឹកនាំសម័យចតុមុខបច្ចុប្បន្ន ក៏បាន ដើរតាមគំរូវីរភាព របស់ព្រះមហាក្សត្រសម័យមហានគរ នេះដែរ។ ខ្មែររួបរួមខ្មែរពិតជាឆ្លាតពូកែ គេចផុតពីអនុតរភាព ជិតឆ្ងាយហើយស្គាល់តែរុងរឿង ចាប់ពីនេះតទៅ»។

លោក សយ សុភាព បន្ថែមថា «ជំនួប (គោរពវិញ្ញណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង) នៅខេត្តកំពង់ចាម តាមដងទន្លេមេគង្គ ពិតជាត្រជាក់ត្រជុំ ដល់ប្រជាជាតិ ពិតប្រាកដមែន»។

លោក សយ សុភាព សង្កត់ធ្ងន់ថា «ជ័យយោ! ខ្មែរខ្លាំង ខ្មែរសាមគ្គី ខ្មែររុងរឿង»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ចូលជួបដើម្បីសម្តែងមរណទុក្ខ ដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន ។

To Top