ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហាញភាពសោកសៅ ចំពោះការបាត់បង់ បងប្រុសទី២ ខណៈ បងប្រុសទី១ ទើបចេញពី បន្ទប់វះកាត់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះនូវសារ បង្ហាញពីភាពសោកសៅ ចំពោះការបាត់បង់បងប្រុសទី២ ខណៈបងប្រុសទី១ ទើបចេញពីបន្ទប់វះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក ទាំងដែលមិនដឹងថាប្អូនប្រុសបានទទួលមរណភាព។

នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេល កំណត់ដែលបងប្រុសទីពីរនិងត្រូវបាន
បញ្ចុះទៅក្នុងព្រះធរណី ដែលជាកន្លែងវសម្រាកចុងក្រោយ របស់គាត់។

សម្ដេចបន្តថា «បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំ បានមកទាន់ដណ្ហើមចុងក្រោយ របស់គាត់ស្រែកហៅគាត់ យកដៃទាញ អង្រួនជើង របស់គាត់តែមិនមានលទ្ធផល
ក្រៅតែពីសម្រក់ទឹកភ្នែក ទាំងអស់សង្ឃឹម»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «នៅមានរឿងសោកសៅជាងនេះសម្រាប់ បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធី បញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយ មិនត្រឹមតែមិនបានចូលរួម ក្នុងពិធីបញ្ចុះវសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថា ប្អូនប្រុសរបស់គាត់ បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់ មិនឱ្យនិយាយប្រាប់គាត់ ពីមរណភាពប្អូន របស់គាត់ ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់ នៅក្រុងបាងកក ប្រទេសថៃ សុខភាពគាត់នៅខ្សោយ។

សម្ដេចបន្តថា «ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយ ពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់ បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿង សោកសៅនាប៉ុន្មានថ្ងៃខាងមុខ»។

សូមបញ្ជាក់ថា សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

To Top