ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញបើករថយន្តធុនធ្ងន់ វគ្គទី៧ ឆ្នាំ២០២២ របស់កងពលតូចដឹកជញ្ជូនលេខ៩៩។
ក្នុងឱកាសនេះ ដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានមានប្រសាសន៍ថា ដោយមានការជួយ ឧបត្ថម្ភគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ពិសេសមានការ ផ្តល់អនុសាសន៍ល្អៗពី នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ ក្រសួងការពារជាតិ ទើបអង្គភាពបានដំណើរ ការបើកវគ្គហ្វឹកហ្វឺន នៅពេលនេះ។
ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន បានស្នើឲ្យគ្រូបង្រៀនធ្វើយ៉ាងណា បណ្តុះបណ្តាលសិក្ខាកាមទាំងទ្រឹស្តី ទាំងការហ្វឹកហ្វឺនជាក់ស្តែង សីលធម៌អ្នកបើកបរ និងស្មារតីថែទាំ រថយន្ត ធ្វើយ៉ាងណាឲ្យសិក្ខា កាមងាយស្តាប់ងាយយល់។ ចំពោះសិក្ខាកាមម្នាក់ៗ ត្រូវយល់ច្បាស់ពីតួនាទីនៅពេលនេះ ក្នុងនាមជា សិក្ខាកាម ត្រូវអនុវត្តអ្វីខ្លះ ដើម្បីជាប្រយោជ៍ដល់ខ្លួន ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ត្រូវគោរពឲ្យបាន ម៉ឺងមាត់ នូវបទវិន័យរបស់កង យោធពលខេមរភូមិន្ទ របស់មេបញ្ជាការអង្គភាព និងអ្នកគ្រប់គ្រងវគ្គហ្វឹកហ្វឺន លើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង។
គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើករថយន្តធុនធ្ងន់វគ្គទី៧ ឆ្នាំ២០២២ សិក្ខាកាម ជានាយទាហាន នាយទាហានរង ពលទាហានក្នុងអង្គភាព កងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន៧០នាក់ និងសិក្ខាកាមមកពីអង្គភាព បញ្ជាការដ្ឋានទ័ពពិសេសចំនួន១០ គ្រូបង្រៀនចំនួន៧នាក់ ហ្វឹកហ្វឺនរយៈពេល៣ខែ ស្មើនឹង៩១ថ្ងៃ ៕