ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ពីមូលហេតុ មិនអាចអាក់ខាន ចូលរួមកិច្ចប្រជុំ អាស៊ាន-អាមេរិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ពីមូលហេតុដែលសម្ដេចមិនអាចអាក់ខានចូលរួម កិច្ចប្រជុំ អាស៊ាន-អាមេរិក ព្រោះ សម្ដេចមានតួនាទីជាប្រធានអាស៊ាន ត្រូវមានមុខគ្រប់អង្គប្រជុំ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែននាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើឲ្យឈាមរលាយជាទឹក បានក៏ដោយ។

សម្ដេចតេជោ បញ្ជាក់ថា “ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូន ដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំ ដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។ ទោះបីខ្ញុំ បានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃ នៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ”។

សម្ដេច បន្ដថា “ទោះបីភរិយាខ្ញុំ និងកូន បន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗនិងចៅៗ ខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក” ។

សម្ដេច បានឲ្យដឹងបន្ថែមថា «ភារកិច្ចប្រទេសជាតិតម្រូវឲ្យ សម្ដេច ចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន»។

សម្ដេច រំលឹកថា កាលពីឆ្នាំ២០១៩ សម្ដេច បានអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេក សម្ដេច កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

សម្ដេច បញ្ជាក់បន្ថែមថា “លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា សម្ដេច មិនអាចចាត់តាំងតំណាង ឲ្យចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។

សម្ដេចបន្ថែមទៀត ថា ដោយមិនអស់អាល័យនិងនឹកដល់បងប្រុស សម្ដេច បញ្ជាឲ្យអាកាសយានិកហោះឧទ្ធម្ភាគចក្រ ហោះឆ្វែលមួយជុំ ជាការគោរពលាទាំងអាល័យ។

សម្ដេចបានរៀបរាប់ថា “ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយ ថាឈាមខាប់ជាងទឹក”៕

To Top