ព័ត៌មានជាតិ

សម្តេចតេជោ បានសន្យាជាមួយមិត្តភិក្តបរទេសមួយចំនួនថា នឹងជួបគ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងឆ្លៀតឱកាសជួបមិត្តភិក្តបរទេសមួយចំនួនដែលបានសន្យាថា នឹងជួបគ្នានៅរដ្ឋធានីវ៉ាស៊ីនតោននេះ ។

មិត្តភិក្តបរទេសដែលសម្តេចតេជោបានសន្យាថាជួបនោះ ក្រៅពីមិត្តជាប្រទេសសមាជិកអាស៊ាន ក៏មានទាំងជនជាតិអាមេរិកផងដែរ ។ នេះជាប្រសាសន៍របស់សម្តេចតេជោ តាមរយៈសារជាសំឡេងជាង៧នាទី មុនសម្តេចដឹកនាំគណៈប្រតិចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃ៩ ឧសភា ។

សម្តេចតេជោបានបញ្ជាក់ថា បន្ទាប់ពីបានជួបពលរដ្ឋខ្មែររស់នៅអាមេរិក ហើយ សម្តេចនឹងធ្វើអ្វីទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវត្តមានសម្តេចក្នុងនាមជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។

សម្តេចគូសបញ្ជាក់ទៀតថា “ក្រៅពីនោះ ក៏មានជំនួបផ្សេងៗទៀតដែលរាប់ទាំងមិត្តភិក្ត បរទេសដែលសន្យាទៅជួបគ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយក៏មានការជួបជាមួយ នឹងក្រុមមិត្តភិក្តដែលជាជន ជាតិរបស់អាមេរិកដើម្បីធ្វើកិច្ចការងារមួយចំនួនផងដែរ” ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃ១២-១៣ ឧសភា ដើម្បីអបអរសាទរ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិកដែលមានវ័យ៤៥ឆ្នាំ មកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក៕

To Top