ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងលោក Agio Pereira ទេសរដ្ឋមន្រ្តីនៃប្រទេសទីម័រលេស្ត បានជជែកពិភាក្សាអំពីសក្តានុពល និងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រេង និងឧស្ម័ន ។
កាលពីថ្ងៃទី៩ ឧសភា លោកបណ្ឌិត អ៊ិត ប្រាំង តំណាងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ បានទទួលជួបម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី Agio Pereira អមដោយវត្តមានលោក Ermenegildo Kupa Lopes ឯកអគ្គរាជទូតទីម័រលេស្ត ប្រចាំកម្ពុជា និងលោក Stephen Webb, នាយកផ្នែកថាមពល។
ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី Agio Pereira បានកោតសសើរ ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងដ៏ជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ និងការស្តារឡើងវិញនូវសកម្មភាព សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស។
បើតាមហ្វេសប៊ុកក្រសួងរ៉ែ បានបញ្ជាក់ថា «ជំនួបពិភាក្សានេះ ភាគីទីម័រ បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍប្រេងកាតនៅកម្ពុជា។ ភាគីទាំងពីរ បានជជែកពិភាក្សាអំពីសក្តានុពល និងឱកាស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យប្រេងនិងឧស្ម័ន» ។
ជាកិច្ចការបន្ទាប់ ភាគីទាំងពីរ នឹងពិភាក្សាលម្អិតបន្ថែម អំពីលទ្ធភាពក្នុងការបង្កើតវគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍ រវាងមន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈការរៀបចំសិក្ខាសាលា និងវេទិកានានា នៅកម្ពុជា ឬនៅទីម័រ ៕