ព័ត៌មានជាតិ

កម្ពុជា ស្នើ UNESCAP ពិចារណាគាំទ្រ លើការផ្តល់ជំនួយបច្ចេកទេស ដល់សកម្មភាពមីន

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (NC ESCAP) និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើUNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេស ដល់វិស័យសកម្មភាពមីន នៅកម្ពុជា។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុកលោក លី ធុជ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP តាមប្រព័ន្ធវីដេអូរ នាថ្ងៃទី៩ ឧសភា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា «សូមអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNESCAP ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្នើសុំជាពិសេសឲ្យ UNESCAP ពិចារណាគាំទ្រ លើការផ្តល់ជំនួយបច្ចេកទេស ដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានដាក់កំណត់ជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា»។

នាឱកាសនោះ លោកស្រីប្រធាន UNESCAP បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNESCAP ព្រមទាំងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងផ្តល់សុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាងកកប្រទេសថៃ នាពេលខាងមុខនេះ។

លោកស្រី បានបញ្ជាក់ថា UNESCAP នឹងបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជា ក្នុងវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាដើម៕

To Top