ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវពលរដ្ឋ ទៅបោះឆ្នោតឃុំ-សង្កាត់ គ្រប់ៗគ្នា កុំព្រួយបារម្ភអ្វីទាំងអស់

" "

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា កុំឲ្យមានការព្រួយបារម្ភអ្វីទាំងអស់។

តាមរយៈព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រខ្មែរ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូនកូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។

" "

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកលដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឲ្យមានការព្រួយបារម្ភ ពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ។

" "

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបញ្ជាក់ថា «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ»។

សូមរំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩លាននាក់ និងគ្រោងបោះពុម្ភសន្លឹកឆ្នោតចំនួន១១លានសន្លឹក និងសន្លឹកឆ្នោតបម្រុង១លានសន្លឹក៕

To Top