ព័ត៌មានជាតិ

ដំឡើងពន្ធថ្នាំជក់ មិនមែនជាមូលហេតុនាំឲ្យ បារីគេចពន្ធទេ តែជាវិធានការឈ្នះៗ សម្រាប់រដ្ឋាភិបាល

ភ្នំពេញ ៖ ក្រុមយុវជន នៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ លើកឡើងថា ការដំឡើងពន្ធថ្នាំជក់ មិនមែនជាមូលហេតុនាំឲ្យមានបារីគេចពន្ធនោះទេ ពោលមតិដែលថា ការដំឡើងពន្ធថ្នាំជក់ធ្វើឲ្យមានបារីគេចពន្ធនេះ គ្រាន់តែជាការលើកឡើងរបស់ក្រុមហ៊ុនថ្នាំជក់ ដើម្បីបំភ័ន្តមហាជន ក្នុងគោលបំណងរារាំងកុំឲ្យមានការដំឡើងពន្ធតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ ការដំឡើងពន្ធថ្នាំជក់មិនត្រឹមតែ មិនមែនជាមូលហេតុនាំឲ្យមានបារីគេចពន្ធប៉ុណ្ណោះទេ ថែមទាំងជាវិធានការឈ្នះៗ សម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាថែមទៀតផង។

យុវជន ក៏បានបកស្រាយបន្ថែមថា ការដំឡើងពន្ធថ្នាំជក់មានអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ពោលគឺ រដ្ឋាភិបាលនឹងចំណេញទាំងចំណូលពន្ធរដ្ឋសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស ជាពិសេសបន្ទាប់ពីការចំណាយដ៏ច្រើនក្រាស់ក្រៃសម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩។ បន្ថែមពីនេះទៅទៀត ការដំឡើងពន្ធថ្នាំជក់ក៏ជួយឲ្យអត្រាឈឺ ស្លាប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ ព្រមទាំងរួមចំណែកជួយការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាក់ស្ដែង ការស្រាវជ្រាវរបស់ UNDP បានលើកឡើងថា បើកម្ពុជា ដំឡើងពន្ធរហូតដល់៧៥% នៃតំលៃបារីលក់រាយ តាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ រយៈពេល ១៥ឆ្នាំខាងមុខ និងជួយកាត់បន្ថយអត្រាស្លាប់ ឈឺ និងពិការភាពរបស់ប្រជាពលរដ្ឋថែមទៀតផង

ជាងនេះទៅទៀត យុវជន ក៏បានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់គឺជាកាតព្វកិច្ចដែលកម្ពុជាក្នុងនាមរដ្ឋភាគី នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបំពេញ ហើយជាមួយគ្នានេះដែរប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% គាំទ្រចំពោះវិធានការដំឡើងពន្ធថ្នាំជក់។

យុវជន ក៏បានបន្ថែមថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កអោយប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ធ្វើឲ្យខាតបងថវិកាប្រមាណ ៦៤៩លានដុល្លារ ស្មើនឹង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ការបកស្រាយខាងលើនេះធ្វើឡើង ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។កម្មវិធីនេះ មានការចូលរួមពីបេក្ខជនប្រមាណ៧០នាក់ ហើយយុវជនឆ្នើម១០នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតនិយាយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ យុវជនដែលបកស្រាយបានល្អត្រឹម៥នាក់ប៉ុណ្ណោះ ដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ៕

To Top