ព័ត៌មានជាតិ

Walmart បង្ហាញបំណងចង់ នាំចូលផលិតផលគ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក របស់កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ឧសភា លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការនាំចូលផលិតផល របស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិកជាដើម។

ក្នុងជំនួបពិភាក្សា និងស្វែងយល់បន្ថែម ពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅពេលខាងមុខ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានជម្រាបអំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនិងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោកស្រី Anbinh Phan បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម។

លោកស្រី ក៏បានជម្រាបផងដែរ អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ច និងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការ បង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ក្នុងជំនួបនោះលោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមាន សក្តានុពលនានាបន្ថែមទៀតនៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ៕

To Top