ព័ត៌មានជាតិ

AFD សន្យាផ្តល់ហិរញ្ញប្បទាន ជាង៣០០ លានអឺរ៉ូ ដល់កម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) សន្យាផ្តល់ហិរញ្ញប្បទាន ជាង៣០០លានអឺរ៉ូ ដល់គម្រោងនានានៅកម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៤ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាននាថ្ងៃ១១ ឧសភា ។

ការសន្យាផ្តល់ឲ្យកម្ពុជា ហិរញ្ញប្បទានជាង៣០០លានអឺរ៉ូនេះ បន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតគោល នយោបាយលើកទី៥ រវាងបារាំង និងកម្ពុជាកាលពីថ្ងៃ៩ ឧសភា ដើម្បីពិនិត្យពីអាទិភាព និងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្រ្តនានា ។ កម្ពុជាត្រូវបានតំណាង ដោយគណៈប្រតិភូ ដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រីឯស្ថានទូតបារាំងតំណាង ដោយលោកឯកអគ្គរដ្ឋទូត ហ្សាក់ ប៉ឺឡេ ហើយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) តំណាងដោយលោក យ៉ាស៊ីដ ប៊ែនសាអ៊ីដ នាយកប្រចាំអាស៊ីអាគ្នេយ៍ និងលោកស្រី អូហ្វេលី បួរីស នាយិកាប្រចាំកម្ពុជា។

កិច្ចពិភាក្សាផ្តោតលើគម្រោង សម្រាប់ឆ្នាំ២០២២-២០២៤ មានទឹកប្រាក់ជាង៣០០លានអឺរ៉ូ តាមការព្រមព្រៀង រវាងក្រសួងសេដ្ឋកិច្ច និងទីភ្នាក់ងារ AFD ហើយផ្តល់អាទិភាពទៅលើវិស័យទឹក និងអនាម័យ កសិកម្ម ការគ្រប់គ្រងធនធានទឹក ថាមពល និងការបណ្តុះ បណ្តាលវិជ្ជាជីវៈ។

ជាមួយការប្តេជ្ញាចិត្តក្នុង ការផ្តល់ហិរញ្ញប្បទានសម្បទាន និងហិញ្ញប្បទានឥតសំណង ប្រចាំឆ្នាំជាង១០០លានអឺរ៉ូ ទីភ្នាក់ងារ AFD គូសបញ្ជាក់សារជាថ្មី ពីការគាំទ្ររបស់ខ្លួនដល់ កំណើនប្រកបដោយបរិយាប័ន្ន និងចីរភាពសម្រាប់កម្ពុជា ។

លោកស្រី អូហ្វេលី បួរីស នាយិកា AFD ប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ទីភ្នាក់ងារ AFD គាំទ្រការលើកកម្ពស់ការរីកចម្រើនប្រកបដោយចីរភាព តាមរយៈការកសាងហេដ្ឋា រចនាសម្ព័ន្ធមានគុណភាព ការពង្រឹងភាពធន់របស់ដីទៅនឹងការប្រែប្រួលអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។ ជាមួយគម្រោង៧៥%ដែលមានអត្ថប្រយោជន៍ដល់ អាកាសធាតុ ទីភ្នាក់ងារ AFD ប្រឹងប្រែងឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលការយកចិត្តទុក ដាក់អំពីអាកាសធាតុ នៅក្នុងយុទ្ធសាស្ត្ររួមរបស់យើង»។

ក្នុងន័យនេះ កិច្ចព្រមព្រៀងមួយ ស្តីពីហិរញ្ញប្បទានឥតសំណង ដែលមានគោល ដៅកែលម្អ គុណភាពខ្យល់ ត្រូវបានចុះហត្ថលេខា នៅសប្តាហ៍នេះ រវាងក្រសួងបរិស្ថាន ក្រសួង សាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ AFD ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងកម្រិតអាស៊ាន ជាមួយហិរញ្ញប្បទាន ឥតសំណង ចំនួន៥,៥លានអឺរ៉ូ ផ្តល់ដោយទីភ្នាក់ងារ AFD ក្នុងក្របខ័ណ្ឌ នៃអន្តរាគមន៍របស់ខ្លួន។

ទីភ្នាក់ងារ AFD គឺជាស្ថាប័នមួយនៅក្នុងក្រុម AFD ដែលជាអ្នកអនុវត្តគោលនយោបាយរបស់ប្រទេសបារាំង នៅក្នុងវិស័យអភិវឌ្ឍន៍ និងសាមគ្គីភាពអន្តជាតិ ។ ជាមួយដៃគូរបស់ខ្លួន ទីភ្នាក់ងារ AFD ស្វែងរកដំណោះស្រាយប្រកប ដោយការចែករំលែកជាមួយ និងសម្រាប់ប្រជាពលរដ្ឋភាគខាងត្បូង។ ក្រុមការងាររបស់ទីភ្នាក់ងារ AFD បំពេញការងារលើគម្រោង ជាង៤០០០ នៅក្នុង១១៥ប្រទេស និងដែនដី ដែលមានវិបត្តិ សម្រាប់សម្បត្តិរួម ពោលគឺអាកាសធាតុ សន្តិភាព សមភាពយែនឌ័រ វិស័យអប់រំ និងសុខាភិបាល ៕

To Top