ភ្នំពេញ ៖ យោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស រយៈពេល ២៣ថ្ងៃ សម្រេចបាន ៧,៦៩៨,០២៧សន្លឹក ស្មើនឹង ៨៣,៦២ភាគរយ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា តាមប្រតិទិនរបស់ គ.ជ.ប ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយសម្រាប់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនៅសល់ ត្រូវរក្សាទុកនៅ គឃ.សប ដើម្បីបន្តចែករហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនមែនជាឯកសារផ្លូវការសម្រាប់ប្រើប្រាស់បោះឆ្នោតនោះឡើយ។ ប្រជាពលរដ្ឋអាចយកប័ណ្ណនេះមកជាមួយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែទោះបីអ្នកបោះឆ្នោតមិនយកប័ណ្ណនេះមកជាមួយ ឬពុំទទួលបានប័ណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឲ្យតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)៕