ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំអ្នកគាំទ្រ ឱ្យអត់ធ្មត់ ចំពោះក្រុមបង្កហេតុ ប្រឆាំងវត្តមានសម្ដេច នៅលើទឹកដីអាមេរិក (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់ អ្នកគាំទ្រ ឱ្យធ្វើការអត់ធ្មត់ ចំពោះក្រុមបង្កហេតុ ប្រឆាំងទៅនឹងវត្តមានសម្ដេច នៅលើទឹកដីសហរដ្ឋអាមេរិក។

ថ្លែងនៅទៅកាន់បងប្អូនខ្មែរអាមេរិកាំង និងបងប្អូនខ្មែរមកពីប្រទេសកាណាដា ដែលមកបង្ហាញការគាំទ្រ និងគោរពស្រឡាញ់ ចំពោះសម្តេច ប្រមុខដឹកនាំ នៅមុខសណ្ឋាគារ Willard Intercontinental Hotel, Washington DC រសៀលថ្ងៃទី ១១ ឧសភា ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំផ្ញើជូនបងប្អូនទាំងអស់ ឱ្យមានការអត់ធ្មត់ ចំពោះការញុះញុង ការបង្ករហេតុពីជន ដែលមិនចិត្តរូបខ្ញុំ ប៉ុន្តែមកបំផ្លាចទឹកចិត្តបងប្អូន នៅទីនេះ។ បើទោះបីគេញុះញុង ក៏ដោយ យើងកុំធ្វើសកម្មភាពតបតណាមួយលើពួកគេ»។

សម្ដេចតេជោ ហ៊ុន សែន បន្តថា «យើងត្រូវប្រកាន់នូវឥរិយាបថ ថ្លៃថ្នូរការឋានៈជាអ្នក គាំទ្រព្រះរាជាណាចក្រកម្ពុជា គាំទ្ររាជរដ្ឋាភិបាល ឬរហូតដល់គាំទ្រ គណបក្សប្រជាជនកម្ពុជា។ យើងមកនេះគឺសំដៅគាំទ្រ ចំពោះរាជរដ្ឋាភិបាល គាំទ្រចំពោះខ្ញុំ ដែលជាអ្នកដឹកនាំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ យើងមិនសំដៅប្រឆាំងទៅនឹងអ្នកណា ដែលគេមិនចូលចិត្តយើងនោះទេ» ។

សម្ដេចតេជោ បញ្ជាក់ថា «យើងមិនតបត ជាមួយអ្នកបង្ករហេតុនោះទេ សូមផ្ដាំបងប្អូន ដើម្បីជៀសវាងការឆ្លើយតបណាមួយ ដោយហិង្សាដែលខុសច្បាប់របស់សហរដ្ឋអាមេរិកថែមទៀត»។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិកនិងកាណាដា ទាំងអស់ដែលចំណាយពេល មកគាំទ្រ និងជួបសម្ដេច នៅលើទឹកដីសហរដ្ឋអាមេរិក នាពេលនេះផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមនិងធ្វើជាសហប្រធាន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នារដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក៕

To Top