ព័ត៌មានជាតិ

សម្ដេចតេជោ៖ អាស៊ាន​ មិនអាចដើរគាំទ្រគំនិត ផ្តួចផ្ដើមណាមួយ ដោយភ្លេចគោលការណ៍ខ្លួនទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើង កម្ពុជាដើរស្របតាមគោល នយោបាយរបស់អាស៊ាន ដោយមិនអាចដើរគាំទ្រ គំនិតផ្តួចផ្ដើម ណាមួយ ដោយភ្លេចគោលការណ៍ របស់ខ្លួននោះទេ។

ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅទៅលើគំនិតផ្ដួចផ្ដើម នៃប្រទេសមហាអំណាចមួយចំនួន ដែលបានដាក់ចេញក្នុងគោលបំណង ប្រឆាំងឥទ្ធិពលគ្នានៅក្នុងតំបន់ និងពិភពលោកដែលនាំឲ្យ ខាតបង់ផលប្រយោជន៍ ដោយឡែកសម្រាប់កម្ពុជា និងនិយាយជារួមនៅក្នុង សមាគមអាស៊ានទាំងមូល។ ជាក់ស្ដែង ប្រទេសលោកខាងលិច បូករួមទាំងសមាជិកអឺរ៉ុបមួយចំនួន បានបង្កើតនូវគំនិតផ្ដួចផ្ដើមថ្មីមួយ ដែលមានឈ្មោះថា «AUKUS » ដែលមានសមាជិក ចូលរួមពីអង់គ្លេស អូស្រ្តាលី អាមេរិក ដើម្បីប្រឆាំងចិន និងដោយឡែកអង្គការយោធាណាតូ សម្រាប់ទប់ទល់ទៅនឹងឥទ្ធិពលរុស្ស៊ី ។

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោបានលើកឡើងថា ក្របខណ្ឌនៃនយោបាយរបស់កម្ពុជា ដើរស្របជាមួយគោលនយោបាយ របស់អាស៊ាន។

សម្ដេចគួសបញ្ជាក់ថា គំនិតផ្តួចផ្ដើមណាក៏ដោយ នៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់កម្ពុជាត្រូវឈរលើ គោលការណ៍៣យ៉ាង ៖ ១) ត្រូវតែបំរើដល់សន្តិភាពនិងការអភិវឌ្ឍន៍ , ២)មិនប្រឆាំងទៅនឹងប្រទេសណាមួយ និង៣) ត្រូវតែគោរព ឯកភាពជាតិ ឯកភាពបញ្ជភាព របស់អាស៊ាន។

សម្ដេចថា នេះគឺជាគោលការណ៍៣ ដែលសំរេចថា គាំទ្រឬមិនគាំទ្រ នៅក្នុងក្របខណ្ឌគំនិតផ្តួចផ្ដើម ទាក់ទិននឹងឥណ្ឌូប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក ។

សម្ដេចតេជោបញ្ជាក់ថា «អាស៊ានក៏មានគំនិតផ្តួចផ្ដើម ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ឥឡូវកំពុងរៀបចំជាផែនការសកម្មភាព ដូច្នេះអាស៊ានមិនអាចដើរ គាំទ្រអ្នកនេះឬអ្នកនោះ ដោយភ្លេចអ្វីដែល ជាគោលការណ៍របស់ខ្លួន ដែលបានដាក់ចេញនោះទេ ហើយវាស្របទៅគោលជំហររបស់កម្ពុជា» ៕

To Top