ព័ត៌មានជាតិ

សម្តេចតេជោ៖ បើគង់តែឲ្យដីគេដដែលចាំបាច់ ទៅចរចាជាមួយវៀតណាម ម្តងមួយតឹក ម្តងមួយផឹងធ្វើអ្វី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលរងការចោទប្រកាន់ពីក្រុមប្រឆាំងថា បានឲ្យទឹកដីទៅភាគីវៀតណាម បានឆ្លើយតបទៅវិញថា បើគង់តែឲ្យដីទៅគេ ចុះចាំបាច់អ្វីដែលសម្តេច ក្នុងនាមជាថ្នាក់ដឹកនាំប្រទេស និងមន្រ្តីជំនាញខិតខំប្រឹងប្រែងចរចា ក្នុងការបោះបង្គោលព្រំដែន ម្តងមួយតឹក ម្តងមួយផឹងធ្វើអី្វ ។ ជារឿយៗអតីតមន្រ្តីនៃគណបក្សប្រឆាំង និងមនុស្សមួយចំនួនទៀតតែងតែ បានចោទប្រកាន់សម្តេចជាហូរហែរថា សម្តេចឲ្យដីខ្មែរនៅខេត្តជាប់ព្រំប្រទល់ ទៅឲ្យភាគីវៀតណាម ។

ក្នុងជំនួបជាមួយពលរដ្ឋខ្មែរ រស់នៅលើទឹកដីសហរដ្ឋជាង ២ពាន់នាក់ នៅថ្ងៃ១១ ឧសភា (ម៉ោងនៅអាមេរិក) សម្តេចបានរំលឹកពីទំនាក់ទំនង កម្ពុជា-វៀតណាម ជាពិសេសលើទំហំពាណិជ្ជកម្ម រវាងប្រទេសដែលមានខ្ទងពាន់លាន ។ រំលឹកដល់ចំណុចនេះ សម្តេចក៏បានលើកពីបញ្ហាព្រំដែនផងដែរ ។ ដោយសម្តេចសង្កត់ធ្ងន់ថា កាលពីឆ្នាំ២០១៩ កម្ពុជាបានបោះបង្គោលព្រំដែន ជាមួយវៀតណាមសម្រេច ៨៤ភាគរយ ប៉ុន្តែ រយៈពេលចុងក្រោយនេះ បន្ទាប់ពីមានការចរចារវាងប្រទេសទាំង២ បានសម្រេច៦ភាគរយថែមទៀត ដូច្នេះសរុបង្គោលព្រំដែនបោះរួច រវាងកម្ពុជា-វៀតណាម សម្រេចបាន៩០ភាគរយ ។

សម្តេចថា ចំណែកបង្គោល ១០ភាគរយ នៅសល់នោះ ស្ថិតនៅចំណុចដាក់ដាំ និងដាក់ហ៊ូ នឹងកំពុងបន្តចរចា ។

សម្តេចគូសបញ្ជាក់ថា “ចំណុចនេះខ្ញុំនិយាយតិចថា បើគង់តែឲ្យដីគេដដែល ចាំបាច់ចរចាយូរឆ្នាំម្ល៉េះ… និយាយឲ្យច្បាស់នៅកន្លែងហ្នឹង ។ ចាំបាច់អីទៅចុះហត្ថលេខាម្តងបាន៨៤ភាគរយ ឥឡូវសម្រេចបាន៦ភាគរយទៀត ហើយឯកភាពគ្នាថា នឹងចុះហត្ថលេខានៅក្នុងឆ្នាំ២០២២នេះ។ ដោយយើងត្រួតពិនិត្យ បានច្បាស់លាស់បោះបង្គោល ឲ្យត្រឹមត្រូវ ហើយបង្គោលនីមួយៗ សុទ្ធតែមានចាប់តាមផ្ការណបបាន ។ ចឹងគេចេះតែថា ហ៊ុន សែនលក់ដី ឥឡូវដីនៅកន្លែងណាដែលហ៊ុន សែន លក់។ បើគង់តែថាឲ្យដីគេដដែលចាំបាច់ ទៅចរចាមួយតឹកមួយផឹងៗធើអី” ៕

To Top