ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការសុំទោសរបស់ អតីតសកម្មជនសង្គ្រោះជាតិនៅអាមេរិក លោក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេច។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ជាង២ពាន់នាក់ សម្ដេចតេជោថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអាចការពារបានផង តើសម្តេចមានតម្លៃក្នុងការដឹកនាំជាតិទេ?។
សម្ដេចតេជោបញ្ជាក់ថា «ភាពស្អាតស្អំរបស់ប្រពន្ធខ្ញុំ របស់កូនខ្ញុំ ត្រូវតែមានដាច់ខាត ព្រោះបើមិនរកយុត្តិធម៌ឲ្យប្រពន្ធខ្លួនឯង និងកូនខ្លួនឯង តើខ្ញុំជាមនុស្សទេ ជាតិរិច្ឆាន បើត្រឹមតែប្រពន្ធ និងកូនខ្លួនឯងការពារមិនបាន តើយើងមានសមត្ថភាពការពារប្រជាជនទេ?»។
សូមរំលឹកថា លោក ប្រេដឌី យ៉ាំង បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អភ័យទោស នូវរាល់កំហុសខុសឆ្គងរបស់លោក ប្រើប្រាស់ភាសាមិនសមរម្យនាពេលកន្លងមក ដោយការប្រមាថមើលងាយ ចំពោះសម្តេចតេជោ និងក្រុមគ្រួសារ។
លោក ប្រេដឌី យ៉ាំង ធ្លាប់បានសរសេរបំភ្លៃថា កូនប្រុសច្បងរបស់សម្តេចតេជោ លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់ អតីតមេដឹកនាំវៀតណាម ឈ្មោះ ឡេ ឌឹក ថូ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕