ព័ត៌មានជាតិ

កម្ពុជា-វៀតណាម យល់ស្របគ្នា រក្សាឲ្យបាននិរន្តរភាព ខ្សែសង្វាក់តម្លៃរវាងឧស្សាហកម្ម ប្រទេសទាំងពីរ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានយល់ស្របគ្នា ក្នុងការរក្សាឲ្យបាននូវនិរន្តរភាព នៃខ្សែសង្វាក់តម្លៃរវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាមបានចុះហត្ថលេខា និងដាក់ឲ្យចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងអឺរ៉ុប ។

កាលពីពេលថ្មីៗកន្លងទៅនេះលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីវិស័យឯកជន បានជួបពិភាក្សាការងារជាមួយ លោក ត្រឹង វឹកខាន់ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ ដើម្បីរិះរកមធ្យោបាយរួមគ្នា ក្នុងការរក្សាឲ្យបានការតភ្ជាប់ នៃខ្សែច្រវ៉ាក់រវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា ។

លោករដ្ឋលេខាធិការ សុខ សុភ័ក្រ្ត បានបញ្ជាក់ថា «ភាគីទាំងពីរបានយល់ស្របគ្នា ក្នុងការរក្សាឲហតបាននូវ និរន្តរភាពនៃខ្សែសង្វាក់តម្លៃ រវាងឧស្សាហកម្មវៀតណាម ជាមួយឧស្សាហកម្មកម្ពុជា បន្ទាប់ពីវៀតណាម បានចុះហត្ថលេខា និងដាក់ឲ្យចូលជាធរមាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប គឺជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវវិនិយោគផលិតកង់នៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួន ដែលផលិតនៅវៀតណាមមករួមបញ្ចូល ក្នុងផលិតកម្មនៅកម្ពុជាផងដែរ» ។

លោកបន្តថា ការរួមគ្នាបន្តខ្សែសង្វាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើន នៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឲ្យមានការតភ្ជាប់ខ្សែសង្វាក់តម្លៃ ក្នុងតំបន់អាស៊ាន។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីបញ្ចប់ការពិគ្រោះយោបល់ផ្ទៃក្នុងរៀងៗខ្លួន ហើយជូនដំណឹងឲ្យគ្នាទៅវិញទៅមក ឆាប់ៗ នាពេលខាងមុខ ៕

To Top