ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌទាំង១៤ និងកងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានា នៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួម ពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេស និងមន្ទីរចំណុះអោយរដ្ឋបាល រាជធានីភ្នំពេញទាំងអស់។

លោក ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកំលាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យភាពអសកម្មនានា នៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង ទាមទារឲ្យកំលាំង និងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែង បំពេញការងារក្នុងអំឡុងពេលយុទ្ធនាការ ឃោសនានិងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់ឲ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះ បានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង។

គួរបញ្ជាក់ថា នៅភ្នំពេញ អ្នកមានឈ្មោះបោះឆ្នោតចំនួន៨៩៩ ៦៨៨នាក់ ការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ពេលបោះឆ្នោតនៅតាមការិយាល័យ បានរៀបចំជា៣តំបន់ គឺតំបន់ A B និងC (Aនៅ បរិវេណបោះឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងC នៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោត ដំណើរការដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាព យុត្តិធម៌ តម្លាភាព និងគ្មានអំពើហិង្សា ៕

