ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក-អាកាស ជាមួយគ្នាឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ និងបានណែនាំឲ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរពិភាក្សាឲ្យបានច្បាស់លាស់ ជុំវិញលក្ខខណ្ឌ នៃការធ្វើដំណើរ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ផាម មិញជីញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ គូសបញ្ជាក់ពីការព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឲ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឲ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

ជាការកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាម ក៏បានឯកភាពជាមួយសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឱ្ឲ្យប្រទេសទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា ។

ក្នុងជំនួបនេះ ភាគីទាំង២ ក៏បានពិភាក្សាពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលថាបានសម្រេច ៦%ទៀត នៅឆ្នាំ២០២២នេះ ដោយនឹងគ្រោងនឹងចុះហត្ថលេខា ក្នុងឆ្នាំនេះ ខណៈការចរចាសម្រេចបាន ៦% បន្ថែមនេះ ។ កម្ពុជា-វៀតណាម បានធ្វើការចរចាប្រមាណ៣ឆ្នាំដែល ៦% បន្ថែមទៀតបូកទៅបាន ៩០% ហើយសម្រេចថា នឹងចុះហត្ថលេខា នៅឆ្នាំ២០២២។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់ សម្តេចតេជោ ជាពិសេសពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិ ការសម្របសម្រួលឲ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលនេះ។ មួយវិញទៀត នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណដល់តួនាទីសម្តេច ដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយក៏បានកោតសរសើរនិងស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ាកន្លងទៅនេះ ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាម ដែលបានសរសើរពីតួនាទីរបស់កម្ពុជា ជាពិសេស ក្នុងការសម្របសម្រួលកិច្ចប្រជុំកំពូលកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ហើយបានរំលេចពីតួនាទីរបស់ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងសហរដ្ឋអាមេរិកផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការសង្ឃឹមថា ពិតជាមានឱកាសក្នុងការពិនិត្យមើលពីបញ្ហាមួយចំនួននៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដោយសម្ដេចសង្ឃឹមថា ដំណោះស្រាយ នឹងមានការពិភាក្សាទាំងក្នុងឧត្តមមន្ត្រីអាស៊ាន ជាមួយឧត្តមមន្ត្រីសហរដ្ឋអាមេរិក ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រតួនាទីរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយសម្ដេចបានជំរាបជូនពីលទ្ធផលនៃជំនួបរវាងសម្តេច និងលោក មីន អោងឡាំង ដែលបានជួបកាលពីថ្ងៃទី២ ឧសភា កន្លងទៅនេះ ជាពិសេស ការពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដែលជម្រុញដល់ចំណុចឯកភាពជាឯកច្ឆ័ន្ទរបស់អាស៊ានទាំង៥ចំណុច។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចកំពុងដំណើរការយ៉ាងល្អប្រសើរ ដោយការនាំចេញបានកើនឡើង ដោយក្នុងឆ្នាំ២០២០ និង២០២១ មានការកើនឡើងប្រមាណ ៣៣% ហើយ ៤ខែដំបូងឆ្នាំនេះ ក៏មានការឡើងច្រើនទៀត ខណៈការនាំចេញទៅអាមេរិក មានការឡើងដល់ទៅ ៤០% ឯណោះ។ ចំណែកប្រមូលចំណូលពន្ធចូលថវិកាជាតិ គឺមានការកើនឡើងប្រមាណ ៤៣% ៕

To Top