ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា មានជំនឿជាក់ថា បារាំងបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេលយូរអង្វែង ព្រោះផ្អែកតាមប្រវត្តិសាស្រ្ត ទំនាក់ទំនងប្រទេសទាំងពីរ បារាំងស្គាល់កម្ពុជា ច្បាស់ជាងប្រទេសណាៗទាំងអស់។

នាឱកាសជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា ដឹកនាំដោយលោក វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានថ្លែងថា កម្ពុជាគ្រប់កាលៈទេសៈចាត់ទុកបារាំងជាមិត្តល្អ ដៃគូល្អ ហើយខិតខំថែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសខិតខំថែរក្សាមរតកបារាំង ដែលបានចាក់ឬសគល់ នៅក្នុងសង្គមកម្ពុជា ។
សម្ដេចបញ្ជាក់ថា «មានជំនឿជាក់ថា បារាំងបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេលយូរអង្វែង ជាងនេះទៀត បារាំងនិងជួយគាំទ្រ បុព្វហេតុត្រឹមត្រូវ យុត្តិធម៌របស់កម្ពុជា ក្នុងការដឹកនាំប្រទេស និងនៅលើឆាកអន្តរជាតិ»។

ក្នុងស្មារតីខាងលើនេះ សម្តេចប្រធានព្រឹទ្ធសភា បានស្នើព្រឹទ្ធសភាបារាំង បន្តគាំទ្រឲ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចគ្រប់កម្រិតឡើងវិញ ព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអន្តរសភា ជាពិសេសក្នុងក្របខ័ណ្ឌ សភានិយាយភាសាបារាំង។
នាឱកាសនោះដែរ លោក វ៉ាំងសង់ អេប្លេ បានគូសបញ្ជាក់ថា មិត្តភាព កម្ពុជា-បារាំង ជាមិត្តភាពដែលមានវ័យចំណាស់ យូរអង្វែង និងជាប្រត្តិសាស្ត្រ ព្រមទាំងមានសារសំខាន់តាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅថ្ងៃអនាគតទៀត៕
