ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឲ្យដឹងថា មានមនុស្សមួយក្រុមក្លែងបន្លំ សម្លៀកបំពាក់ ឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ជាមន្ត្រីពន្ធដារ ក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជន ឬ អ្នកជាប់ពន្ធតាមរូបភាព ណាមួយជាយថាហេតុ ដែលធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារ ស្របច្បាប់របស់ អគ្គនាយកដ្ឋានពន្ធដារ។
តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១២ ឧសភានេះ អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងបន្តថា នាពេលថ្មីៗកន្លងទៅនេះ មានមនុស្សមួយក្រុមដែលក្នុងនោះបាន ប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនី ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដែលមានឈ្មោះថា Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋាន ដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់ អង្គភាព នៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនីThyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ ខ្លួនថា កំពុងបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ច្បាស់ៗថា «មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ ឬជាមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាព ក្រោមឱវាទ នៃអគ្គនាយកដ្ឋានពន្ធដារណាមួយឡើយ ។
ករណីនេះគឺជាករណីប្រើប្រាស់ ដោយខុសច្បាប់នូវសម្លៀកបំពាក់ ឯកសណ្ឋានសម្រាប់អាជ្ញាធរសាធារណៈ ដែលអគ្គនាយកដ្ឋានពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និង ឯកសណ្ឋាន ក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក សាធារណជនឬអ្នកជាប់ពន្ធ តាមរូបភាពណា មួយជាយថាហេតុ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្ដីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់ អគ្គនាយកដ្ឋានពន្ធដារ»។
បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹក ជូនសាធារណជន និងអ្នកជាប់ពន្ធ ឲ្យចៀសវាងការពាក់ព័ន្ធ ជាមួយមនុស្សមួយក្រុមនេះ ដើម្បីកុំឲ្យមានការ ឆបោកក្លែងបន្លំ ឬកេងប្រវ័ញ្ច ក្នុងរូបភាពណាមួយជាយថាហេតុ និងលើកទឹកចិត្ត ដល់សាធារណជន និងអ្នកជាប់ពន្ធ ដែលទទួលបានព័ត៌មាន ពីការក្លែងបន្លំរាយការណ៍មក អគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខទូរស័ព្ទ ១២៧៧ ៕